អុញ! នាមជាមហាសេដ្ឋីពិភពលោក តែ Elon Musk អត់មានផ្ទះនៅទេ ពេលខ្លះសុំផ្ទះមិត្តភក្តិស្នាក់នៅទៀត
ថ្មីៗនេះ មហាសេដ្ឋីពិភពលោក Elon Musk បានធ្វើការទម្លាយក្នុងកិច្ចសម្ភាសជាមួយ TED Talk ថា រូបលោក បច្ចុប្បន្នគឺគ្មានផ្ទះរស់នៅជារបស់ខ្លួនឯងនោះទេ ហើយជាញឹកញាប់តែងទៅស្នាក់នៅផ្ទះរបស់មិត្តភក្តិទៀត។
ចែករំលែករឿងរ៉ាវជីវិតក្នុងកិច្ចសម្ភាសជាមួយ TED Talk លោក Elon Musk បាននិយាយថា ៖ «ខ្ញុំសូម្បីតែផ្ទះក៏មិនមាននៅខ្លួនឯងដែរ។ តាមពិតទៅ ខ្ញុំគឺស្នាក់នៅក្នុងផ្ទះរបស់មិត្តភក្តិនោះទេ។ ប្រសិនបើខ្ញុំទៅតំបន់ San Francisco Bay ដែលជាកន្លែងរោងចក្រវិស្វកម្មភាគច្រើនរបស់ Tesla នៅទីនោះ ខ្ញុំនឹងទៅស្នាក់នៅក្នុងផ្ទះរបស់មិត្តភក្តិ ក្នុងបន្ទប់ទំនេររបស់គេ»។
នៅពេលសាកសួរអំពីគម្លាតរវាងអ្នកមាន និង អ្នកក្រនៅសហរដ្ឋអាមេរិក រវាងមនុស្សសាមញ្ញ និង មហាសេដ្ឋី នោះ CEO ក្រុមហ៊ុន Tesla រូបនេះបាននិយាយថា ៖ «វាអាចនឹងជាបញ្ហា ប្រសិនបើខ្ញុំចំណាយប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំលើការប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែមិនដូច្នោះទេ»។
មហាសេដ្ឋីពិភពលោករូបនេះបានថ្លែងទៀតថា លោកមិនចំណាយប្រើប្រាស់ផ្ទាល់ខ្លួនឱ្យខ្ពស់នោះទេ លើកលែងតែការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក Musk រៀបរាប់ថា៖ «តែប្រសិនបើខ្ញុំមិនប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន ពេលវេលាការងាររបស់ខ្ញុំ គឺនឹងត្រូវកាត់បន្ថយតាមហ្នឹង»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ Elon Musk បានប្រកាសថា លោកនឹងធ្វើការលក់ទ្រព្យសម្បតិ្តលោកសឹងតែទាំងអស់ ដើម្បីកាត់បន្ថយការរិះគន់លើរឿងទ្រព្យរបស់លោក។ ជាក់ស្ដែង កាលពីឆ្នាំទៅ លោកបានក្លាយជាជនគ្មានផ្ទះជ្រកកោន ក្រោយដាក់លក់ភូមិគ្រឹះចុងក្រោយបង្អស់របស់ខ្លួននៅ California ក្នុងតម្លៃ ៣០ លានដុល្លារ ហើយងាកមកជួលផ្ទះនៅ Boca Chica រដ្ឋ Texas ក្នុងតម្លៃ ៥ ម៉ឺនដុល្លារ៕
ប្រភព៖ CBS News