(វីដេអូ) Aom ចេញមុខដាក់ផាំងៗ ក្រោយមានគេនិន្ទាថា នាងជាមនុស្សស្រីដណ្តើមសង្សារអ្នកដទៃ
មហាជនភាគច្រើនដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់ Aom Sushar តារាស្រីរាងតូចច្រឡឹង មានមុខមាត់ស្រស់ស្អាត និយមលេងខ្លួនស៊ីវិល័យតាមបែបយុវវ័យ។
ថ្មីៗនេះ Aom ហាក់ក្តៅស្លឹកត្រចៀកជាខ្លាំង ក្រោយមានពាក្យរសើបថា នាងជាតារាស្រីដែលចូលចិត្តដណ្តើមសង្សារអ្នកដទៃ ជាពិសេសគឺគូស្នេហ៍ដែលកំពុងទាក់ទងគ្នានាពេលបច្ចុប្បន្ន។
ក្រោយមិនអាចទប់អារម្មណ៍ជាប់ទៀតបាន Aom ក៏ចេញមុខបកស្រាយ តាមរយៈឆាណែលយូធូប One Playground បែបនេះថា៖ «ទាក់ទងគ្នាមកជាមួយ បង Amp បានជាង ៤ ឆ្នាំហើយ ហើយគាត់ជាមនុស្សដែលខ្ញុំទាក់ទងបានយូរបំផុត ហើយក៏រស់នៅចុះសម្រុងបំផុត។ គាត់ជាអ្នកជ្រើសរើសខ្ញុំ ហើយក៏បានផ្លាស់ប្តូរខ្ញុំច្រើន ពីមនុស្សដែលឆេវឆាវ ឆាប់អន់ចិត្ត ខឹងច្រើន ពូកែឈ្លោះ មកជាមនុស្សប្រសើរជាងមុន ហើយរស់នៅជាមួយគ្នាចុះសម្រុងគ្នា មិនប្រកាន់គ្នា តែប្តូរមកជាការស្រលាញ់ជំនួសវិញ»។
«យ៉ាងណាមិញ មកទល់ពេលនេះក៏នៅតែមានគេខ្សឹបខ្សៀវនិយាយរឿងខ្ញុំ និងបង Amp ថាខ្ញុំទៅដណ្តើមគាត់ពីអ្នកដទៃមក ទាំងដែលគ្រប់គ្នាគួរតែដឹងការពិតថា ខ្ញុំបានស្គាល់ និងទាក់ទងគាត់ ក្រោយពេលគាត់បែកសង្សារចាស់អស់ជាង ២ ឆ្នាំរួចមក។ មានអ្នកខ្លះប្រៀបធៀបខ្ញុំជាជនទី ៣ ចូលចិត្តដណ្តើមរបស់អ្នកដទៃ ទាំងដែលខ្ញុំមិនធ្វើអ្វីសោះ អ្នកជឿក៏នៅតែជឿ អ្នកមិនជឿនៅតែមិនជឿ»។
«ខ្ញុំក៏ចង់មានក្តីស្រលាញ់ដែលសមបំណង ហើយខ្ញុំជ្រើសរើសយកក្តីស្រលាញ់នោះដោយខ្លួនឯង រើសហើយរស់នៅជាមួយគ្នាមានក្តីសុខ ចំពោះរឿងប្រៀបធៀប គឺមានគ្រប់កន្លែងហើយមិនថាក្នុង ឬក្រៅសិល្បៈទេ តែយើងខ្លួនយើងគឺស្គាល់ខ្លួនឯងច្បាស់ ហើយរស់នៅតាមបែបផែនជីវិតដែលប្រសើរបំផុត។ សួរថាក្តីស្រលាញ់នេះអាចសម្រេចតាមបំណងឬទេ? ខ្ញុំក៏មិនដឹង តែអ្វីដែលខ្ញុំដឹងគឺខ្ញុំធ្វើល្អតាមតែអាចធ្វើបាន»៕