ពន្លឺឆ្លុះចេញជាស្រមោល ឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក ល្ខោនស្បែកយើង អត្តសញ្ញាណយើង
ភ្នំពេញ ៖ យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ក្រុមហ៊ុន ខេមប្រ៊ូវ បានចាប់ផ្តើមដំណើរការហើយ។ ល្ខោនស្រមោលស្បែកធំ ជាអត្តសញ្ញាណជាតិមួយដែលត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការនេះ។
ក្នុងកិច្ចសម្ភាសមួយ លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលស្រាបៀរអង្គរ ខេមប្រ៊ូវ បានលើកឡើងថា ៖ «ដូនតាខ្មែរបានបន្សល់ទុកនូវមរតកជាច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយរបស់យើង។ វាជាតួនាទី និង ទំនួលខុសត្រូវរបស់យើងក្នុងនាមជាមនុស្សជំនាន់ក្រោយ ក្នុងការថែរក្សា និង ការពារបេតិកភណ្ឌដ៏មានតម្លៃទាំងនោះ ជាពិសេសនោះគឺ សិល្បៈស្បែកធំ។ យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ស្រាបៀរអង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះទឹកចិត្ត ឆន្ទៈ និង ស្មារតីកូនខ្មែរជំនាន់ក្រោយឱ្យចងចាំនូវមរតកដ៏អស្ចារ្យរបស់យើង និង ដើម្បីរក្សាឧត្តមភាពវប្បធម៌ ព្រមទាំងបន្តរក្សាសមិទ្ធផលវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស និងស្ថិតស្ថេរជាអមតៈ»។
ស្បែកធំ គឺជាល្ខោនស្រមោល ដែលមានរូបអាយ៉ងកម្ពស់ពីរម៉ែត្រធ្វើពីស្បែកសត្វ។ តាំងពីមុនសម័យអង្គរ ស្បែកធំ ត្រូវបានចាត់ទុកថារបស់ដ៏ពិសិដ្ឋ និង ស័ក្តិសិទ្ធិដើម្បីឧទ្ទិសដល់ទេវៈ។ ការសម្តែងអាចធ្វើឡើងតែក្នុងឱកាសសំខាន់ៗបី ឬ បួនដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដូចជា ៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ឬ ឧទ្ទិសដល់បុគ្គលល្បីៗ ជាដើម។
តាមធម្មតាការសម្តែង គឺធ្វើឡើងនៅពេលយប់នៅលើផ្ទាំងក្រណាត់សធំ នៅកន្លែងទូលាយ ដូចជា ៖ វាលស្រែ ឬ ទីវត្តអារាម ជាដើម។ កាលពីសម័យបុរាណគេប្រើភ្លើងបំភ្លឺលើផ្ទាំងក្រណាត់ស ដើម្បីឱ្យចម្លាក់ដែលធ្វើពីស្បែកសត្វបង្កើតបានជាស្រមោលនៃតួអង្គផ្សេងៗ។ បច្ចុប្បន្ន គេប្រើអំពូលភ្លើង ឬ ម៉ាស៊ីន LCD ដើម្បីបញ្ចាំងជំនួសវិញ។ ការសម្តែងទៀតសោត មានអមដោយវង់ភ្លេងពិណពាទ្យ និង ការពោលនិទានរឿងដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពរស់រវើក ទាក់ទាញ និង ចាប់អារម្មណ៍ពីអ្នកទស្សនា។
ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥។
លោក ច័ន្ទណារ៉ាត បន្ថែមថា ៖ «យើងពិតជាសប្បាយចិត្ត និងមានមោទកភាពខ្លាំងណាស់ចំពោះសិល្បៈស្បែកធំ។ យុទ្ធនាការនេះ នឹងចូលរួមលើកកម្ពស់ និង ថែរក្សាសិល្បៈ វប្បធម៌ និង ប្រពៃណីខ្មែរ ក៏ដូចជាអត្តសញ្ញាណជាតិខ្មែរ។ នេះជាការរួមចំណែកជាវិជ្ជមានមួយដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល ក៏ដូចជាលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ឱ្យគាំទ្រសិល្បៈស្បែកធំ ព្រោះនេះគឺជាសិល្បៈមួយប្រភេទដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និង សំខាន់បំផុតចំពោះវប្បធម៌ជាតិខ្មែរ។ ប្រជាជនខ្មែរ ត្រូវតែរួមដៃគ្នាការពារ និង លើកស្ទួយប្រពៃណីជាតិរបស់យើងឲ្យស្ថិតនៅគង់វង្សយូរអង្វែងតទៅទៀត»។
លោកបញ្ជាក់ថា ៖ «សិល្បៈល្ខោនស្បែក មានប្រវត្តិដ៏យូរលង់ណាស់មកហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយវាជាប្រភពនៃមោទកភាពជាតិដែលទទួលស្គាល់ជាសកល និង មានតម្លៃជាធនធានរបស់មនុស្សជាតិ។ ខណៈដែលយុវជនមួយចំនួនយកចិត្តទុកដាក់ចាប់អារម្មណ៍ស្រឡាញ់ និង អភិរក្សនូវកេរដំណែលដ៏មហស្ចារ្យនេះ យើងក៏សង្កេតឃើញថានៅមានយុវជនខ្លះទៀតហាក់មិនសូវអើពើនឹងសារសំខាន់របស់សិល្បៈមួយនេះឡើយ ដូច្នេះហើយយើងត្រូវរួបរួមគ្នាអំពាវនាវដល់មនុស្សទាំងអស់ឱ្យចូលរួមអភិរក្សសិល្បៈល្ខោនស្បែកនេះឲ្យបានស្ថិតស្ថេរ។ ល្ខោនស្បែកយើង អត្តសញ្ញាណយើង!»។
ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និង ផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និង រក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន។
ឆ្លងកាត់បទពិសោធជាច្រើនទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និង ការផ្តល់នូវបទពិសោធស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!