កូនស្រីទើបកើតបាន ៨ ខែ Mew និង ស្វាមី ទម្លាយថាចង់បានទាយាទស្នងត្រកូលម្នាក់ទៀតបាត់
ជាទូទៅនរណាៗក៏សុទ្ធតែបានស្គាល់រួចមកហើយថា Mew Nittha គឺជាកំពូលតារាសម្ដែងស្រីជួរមុខម្នាក់ក្នុងសង្គមសិល្បៈថៃ។ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និង ល្បីឈ្មោះប៉ុណ្ណោះទេ តារាស្រីរូបនេះក៏ជាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភផងដែរ។
លើសពីសមត្ថភាពខ្លួនឯងរស់លើគំនរទ្រព្យហើយ បើងាកទៅមើលស្វាមីរបស់នាង គឺលោក Saint ដែលជាអ្នកជំនួញលុយវាល់លាននោះ ក៏រឹតតែមានទ្រព្យសម្បត្តិមិនធម្មតាទៀត ដែលនេះបានធ្វើឱ្យជីវិតគ្រួសារតារាស្រី Mew រស់នៅពោរពេញដោយពន្លឺសុភមង្គលទ្វេដង។
ថ្មីៗនេះគ្រួសារដ៏សែនកក់ក្ដៅ Mew ក៏ទើបតែទទួលបានសមាជិកថ្មី គឺកូនស្រីបណ្ដូលចិត្តអូន Marin ដោយពេលអូន Marin អាយុ ៨ ខែហើយ។ សម្រាប់ Mew និង ស្វាមី ទោះបីមានកូនទៅហើយក្ដី តែសេចក្ដីស្នេហារវាងអ្នកទាំងពីរហាក់នៅតែស្អិតល្មួតដូចដើម។
និយាយពីអូន Marin ខណៈនេះកំពុងតែក្លាយជាទូតសុឆន្ទៈនៃផលិតផលសាប៊ូកូនក្មេង D nee ដែលធ្វើឱ្យតារាស្រី Mew ជាម្តាយរំភើបចិត្តយ៉ាងខ្លាំង។ អាចនិយាយថាមានខ្សែសិល្បៈ ទើបតែកើតបាន ៨ ខែ Mew បានកាន់ដៃកូនស្រីចូលប្រឡូកអាជីពដូចខ្លួនបាត់ទៅហើយ។
យ៉ាងណាមិញ ក្នុងបទសម្ភាសកាលពេលថ្មីៗនេះ តារាស្រី Mew និង ស្វាមី ក៏បានទម្លាយដំណឹងល្អថាខ្លួននឹងមានគម្រោងយកកូនទី ២ ផងដែរ។ លោក Saint ដែលជាស្វាមីរបស់ Mew បាននិយាយថា លោកចង់បានកូន ២ នាក់ តែពេលនេះរង់ចាំប្រពន្ធលោកស្បើយពីការងារបន្តិចសិន។ ទន្ទឹមនឹងដំណឹងនេះបានធ្វើឱ្យមហាជនជាច្រើនសម្ដែងក្ដីរីករាយជាមួយអ្នកទាំងពីរ៕