ខួបរៀបការ ៤ ឆ្នាំ អែនជី និង ស្វាមី មិនជប់លៀងធំដុំ បែរពួតដៃគ្នាធ្វើរឿងសប្បុរសគួរឱ្យសរសើរ
ភ្លេចៗត្រចៀក ចំណងអាពាហ៍ពិពាហ៍តារាចម្រៀង អែនជី និង ស្វាមី មានរយៈពេល ៤ ឆ្នាំហើយ ដោយបច្ចុប្បន្នពួកគេទាំងពីរទទួលបានកូនប្រុសម្នាក់ជាទាយាទស្នងត្រកូល។
ក្នុងថ្ងៃខួបរៀបការ ៤ ឆ្នាំនេះ អែនជី មិនបានរៀបចំពិធីជប់លៀងធំដុំដើម្បីរំឭកខួបស្នេហារបស់ពួកគេឡើយ ប៉ុន្ដែនាង និង ស្វាមី ព្រមទាំងកូនប្រុស បានបរិច្ចាគថវិកាចំនួន ៨៨៨ ដុល្លារជូនមន្ទីរពេទ្យគន្ធាបុប្ផា និង ថវិកាចំនួន ៥៥៥ ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។
នេះមិនមែនជាលើកដំបូងទេដែលតារាចម្រៀង អែនជី និង គ្រួសារ បានបរិច្ចាគថវិកាដល់មន្ទីរពេទ្យដើម្បីជាប្រយោជន៍ដល់សង្គម ដែលទង្វើសប្បុរសធម៌នេះ បានធ្វើឱ្យមហាជនកោតសរសើរចំពោះទឹកចិត្តនាង និង គ្រួសារជាខ្លាំង។
ក្នុងរយៈពេលដែលរួមរស់ជាប្ដីប្រពន្ធនេះ អែនជី និង ស្វាមី តែងបង្ហាញសកម្មភាពផ្អែមល្ហែមស្ដែងពីក្ដីសុខក្នុងគ្រួសារយ៉ាងពេញទំហឹង ជាមួយនឹងការរស់នៅបែបអភិជនមិនធម្មតា ជិះសុទ្ធរថយន្តទំនើប មានផ្ទះធំទ្រនំខ្ពស់ ព្រមទាំងមានមុខជំនួញពេញដៃ៕