ទើបតែភ្ជាប់ពាក្យហើយមិនបានប៉ុន្មាន ឥឡូវ Kimberly ទម្លាយរឿងថ្ងៃរៀបការហើយ
កាលពីថ្មីៗកន្លងទៅនេះ ការភ្ជាប់ពាក្យសុំរៀបការយ៉ាងផ្អែមល្ហែម នៅលើទៅដីប្រទេសស្វីស របស់គូស្នេហ៍តារាល្បីប្រចាំសិល្បៈថៃ Mark និង Kimberly ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រសប្បាយចិត្តរំជើបរំជួលមិនងាយបាត់ឡើយ ព្រោះម្នាក់ៗរង់ចាំពេលវេលានេះជាយូរមកហើយ។
យ៉ាងណាមិញ ក្នុងនោះ បន្ទាប់ពីដំណឹងភ្ជាប់ពាក្យរបស់ខ្លួនត្រូវបានចែកចាយពាសពេញហើយ សាមីខ្លួនតារាប្រុសស្រីទាំងគូ ក៏បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនផងដែរ ជាពិសេសគឺ Kiim ហាក់រំជើបរំជួលខ្លាំងតែម្តង។
ដោយឡែក ថ្មីៗនេះ នៅក្នុងកម្មវីធីមួយ នាងក៏បានបង្ហើបឱ្យដឹងពីរឿងភ្ជាប់ពាក្យរបស់ខ្លួនម្តងទៀត តាមរយៈការសម្ភាសផងដែរ។ នាងបានឱ្យដឹងថា គ្រប់យ៉ាងវាគឺដូចជាសុបិនដូច្នោះឯង ហើយនាងក៏មិនគិតថា Mark នឹងសុំនាងរៀបការនៅប្រទេសស្វីសនោះទេ នាងគិតថាលោកប្រហែលជាសុំនៅប្រទេសថៃ ទើបពេលទៅដើរលេងនោះ នាងមិនមានគម្រោងអ្វីឡើយ ហើយក៏មិនបានយកខោអាវស្អាតៗទៅផងដែរ ដោយយកតែខោអាវណាដែលស្រួលស្លៀកទៅប៉ុណ្ណោះ។
ក្នុងនោះ ក្រោយពីត្រូវ Mark សុំរៀបការហើយ នាងពិតជារំភើបខ្លាំងធ្វើអ្វីមិនត្រូវ គិតតែពីយំយកៗ ហើយពេញមួយថ្ងៃគឺនាងមិនបានញ៉ាំអីឡើយ។ លើសពីនេះទៅទៀត នាងក៏បានទម្លាយរឿងថ្ងៃរៀបការហើយថា នាងមិនទាន់មានគម្រោងពិតប្រាកដនោះទេ តែក៏បាននិយាយគ្នាជាមួយ Mark ខ្លះៗហើយ ហើយរឿងដំបូងគឺត្រូវរកអាចារ្យឱ្យមើលពេលាមុនសិន ប៉ុន្តែគឺពិបាកក្នុងការណាត់អាចារ្យខ្លាំង ដូចនេះនាងប្រហែលជាមិនអាចរៀបការនៅក្នុងឆ្នាំនេះបានឡើយ ម្យ៉ាងការងារក៏ច្រើនខ្លាំងទៀតក្នុងឆ្នាំនេះ។
នាងបន្តទៀតថា រឿងរៀបការនេះ ប្រហែលជាឆ្នាំក្រោយឯណោះទើបនាងគិតម្តងទៀត ចំណែករឿងមានកូនវិញ នាងមិនទាន់បាននិយាយជាមួយ Mark នោះទេ ថាការហើយនឹងយកកូនប៉ុន្មាននាក់ ព្រោះនាងមានអារម្មណ៍ថានៅភ័យខ្លាចនៅឡើយ៕