រ៉ូប Kim Kardashian ស្លៀកនេះ មានតម្លៃជិត ៥ លានដុល្លារ
ថ្មីៗនេះ ក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala 2022 មានសភាពអ៊ូអរ និង អធិកអធមជាខ្លាំង ដោយមានការចូលរួមពីសំណាក់តារាៗលំដាប់កំពូលៗជាច្រើនរូប ដើរបង្អួតរាងគ្នាលើកម្រាលព្រំក្រហម។
ក្នុងនោះដែរ គេក៏សង្កេតឃើញតារាស្រី Kim Kardashian បានបង្ហាញវត្តមានជាមួយមិត្តប្រុសថ្មីរបស់នាង Pete Davidson ផងដែរ តែអ្វីដែលធ្វើឱ្យតារាស្រីរូបនេះលេចធ្លោជាងគេបំផុតលើកម្រាលព្រំក្រហមនៃកម្មវិធីដ៏ធំមួយនេះនោះគឺ រូបនាងបានបង្ហាញខ្លួនជាមួយរ៉ូបដ៏ប្រណីត តម្លៃរហូតដល់ ៤.៨១ លានដុល្លារឯណោះ។
រ៉ូបដ៏មានតម្លៃថ្លៃកប់ពពកនេះដែរ គឺធ្លាប់ជារ៉ូបរបស់អតីតតារាសម្ដែងស្រីដ៏ល្បី Marilyn Monroe ដែលនាងបានស្លៀកច្រៀងបទ «Happy Birthday, Mr. President» នៅឯកម្មវិធីជប់លៀងថ្ងៃខួបកំណើតរបស់លោកប្រធានាធិបតី John F. Kennedy ក្នុងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៦២។ តាមពិតទៅ រ៉ូបដ៏សាមញ្ញ ប៉ុន្តែទាក់ទាញមួយនេះ តម្លៃដើមគឺត្រឹម ១២ ០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុន Ripley’s Believe It or Not បានធ្វើការដាក់ដេញថ្លៃលក់បានដោយជោគជ័យ ក្នុងតម្លៃខ្ពស់រហូតដល់ ៤.៨១ លានដុល្លារនេះឯង ដែលធ្វើឱ្យរ៉ូបមួយនេះ ក្លាយជារ៉ូបតារាមួយដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក៕