វាសនាសុនខ ២ ក្បាល អំណោយលោក Kim Jong Un ជូនលោក Moon Jae In នឹងសម្រេចបែបនេះ ក្រោយលោកចូលនិវត្តន៍
សុនខ ២ ក្បាល ដែលត្រូវបានគេស្គាល់ឈ្មោះថា Gom-i និង Song Kang-i ត្រូវបានប្រធានាធិបតីកូរ៉េខាងជើង លោក Kim Jong Un បានផ្ដល់ជាអំណោយដល់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Moon Jae In កាលពីឆ្នាំ ២០១៨ បន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី នៅទីក្រុងព្យុងយ៉ាង កំពុងត្រូវបានគេសម្រេចចិត្តថានឹងគួរតែឱ្យទៅប្រធានាធិបតីអណត្តិថ្មីរបស់កូរ៉េខាងត្បូង ឬ យ៉ាងណា?
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Herald Economy បានឱ្យដឹងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះថា លោកប្រធានាធិបតី Moon Jae In បានសម្រេចចិត្តមិនប្រគល់សុនខទាំងពីរក្បាលនោះទៅឱ្យលោក Yoon Seok Yeol ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសកូរ៉េខាងត្បូងឡើយ។ យ៉ាងណាមិញ សុនខទាំងពីរក្បាលនោះនឹងត្រូវទៅរស់នៅផ្ទះរបស់លោក Moon Jae In នៅឯក្រុង Yangsan ខេត្ត Gyeongsangnam-do ជាមួយលោក និង ភរិយា ក្រោយចូលនិវត្តន៍នៅថ្ងៃទី ១០ ខែឧសភានេះ។
គួរឱ្យដឹងផងដែរថា ដំបូងឡើយសត្វសុនខទាំងពីរក្បាលនេះ គឺនឹងត្រូវចិញ្ចឹមដោយប្រធានាធិបតីជាប់ឆ្នោតថ្មី ប៉ុន្តែលោកប្រធានាធិបតី Moon បានសួរដោយសមគួរថា ៖ «តើខ្ញុំអាចបន្តចិញ្ចឹមពួកគេបន្តបានទេ?»។ ពេលនោះប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Yoon បានឆ្លើយតបទៅវិញថា ៖ «សុនខគឺវាមានការពិបាកក្នុងការកែប្រែ និង ផ្លាស់ប្ដូរម្ចាស់ក្នុងការចិញ្ចឹមពួកគេ ដូច្នេះហើយសូមលោកចិញ្ចឹមវាទៀតចុះ ប្រសិនបើលោកចង់បាន»។ ម្យ៉ាងវិញ គឺដោយសារតែលោក Yoon គឺមានសត្វចិញ្ចឹម សុនខ និង ឆ្មារួចហើយ។
ទោះជាយ៉ាងណាក៏ដោយ សត្វសុនខទាំងពីរក្បាលនៅតែជាកម្មសិទ្ធិរបស់រដ្ឋ ហើយវាទាំងពីរគឺនឹងត្រូវបានចិញ្ចឹមដោយប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង Moon Jae In ដែលត្រៀមនឹងចុះចេញពីតំណែងនាពេលឆាប់ៗនេះ៕