យ៉ាងគួ អាយុ ៥២ ឆ្នាំហើយ សុខចិត្តរស់នៅជាមួយឪពុកម្ដាយ មិនព្រមយកប្រពន្ធកូន ព្រោះមូលហេតុនេះ
Louis Koo តារាសម្ដែងហុងកុង ដែលមហាជនកម្ពុជាស្គាល់ច្បាស់ជាតួអង្គ យ៉ាង គួ ប្រចាំខ្សែភាពយន្ត «អ្នកក្លាហានឥន្ទ្រីទេព» ឆ្នាំ ១៩៩៥ នោះ នៅតែជាតារាប្រុសមួយរូប ដែលទទួលភាពស្ញប់ស្ញែងចំពោះរូបសម្រស់ស្រស់សង្ហាមិនចេះចាស់ រួមទាំងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ឥតទាស់របស់លោក បើទោះបីជាបច្ចុប្បន្នលោកមានវ័យ ៥២ ឆ្នាំហើយក្ដី។
ទោះជាយ៉ាងណា មហាជនជាច្រើនក៏មានការភ្ញាក់ផ្អើលមិនតិចនោះដែរ ក្រោយសារព័ត៌មានហុងកុងមួយទម្លាយថា តារាសម្ដែង Louis Koo ទោះបីជាមានវ័យកាន់តែច្រើនពិតមែន ប៉ុន្តែរូបលោកនៅតែរក្សាភាពនៅលីវ មិនទាន់ខ្វាយខ្វល់គិតគូរពីរឿងប្រពន្ធកូននោះឡើយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ខណៈមិត្តភក្តិវ័យស្របាលលោក គេមានផ្ទះសម្បែងជារបស់ខ្លួន រស់នៅជីវិតឯករាជ្យអស់ ប៉ុន្តែលោកវិញ បែរជាមិនខ្វល់រឿងទាំងនេះ នៅតែបន្តរស់នៅជាមួយឪពុកម្ដាយ។
ទម្លាយពីមូលហេតុនៅរស់នៅជាមួយឪពុកម្ដាយនេះដែរ Louis Koo បាននិយាយថា ៖ «ទោះខ្ញុំឥឡូវរាងចំណាស់ក៏ពិតមែន ខ្ញុំនៅរស់នៅជាមួយឪពុកម្ដាយខ្ញុំ ហើយម្ដាយរបស់ខ្ញុំ គឺជាអ្នកដាស់ខ្ញុំ ឱ្យក្រោកពីដំណេករៀងរាល់ថ្ងៃ។ ខ្ញុំចង់រស់នៅជាមួយគ្រួសារ ព្រោះខ្ញុំមានអារម្មណ៍ថា អ្វីដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់ គឺការជួយជ្រោមជ្រែងពីគ្រួសារនេះឯង»៕