ទំនាយត្រូវម៉ាច់! ឆ្នាំនេះម្ទេសត្រូវប៉ាន់ បុរសម្នាក់ប្រកាសទិញរាប់តោន ព្រោះមានទីផ្សារខ្លាំងនៅក្រៅប្រទេស
ជាដំណឹងដ៏គួរឱ្យត្រេកអរ សម្រាប់កសិករខ្មែរយើង ជាពិសេសអ្នកដែលដាំដំណាំម្ទេស ដែលនៅក្នុងឆ្នាំថ្មីនេះ នឹងលក់ផលផ្លែម្ទេសបានក្នុងតម្លៃថ្លៃ និង ល្អប្រសើរជាងឆ្នាំមុនៗ ដោយហេតុថាមានទីផ្សារទិញចូលពីកសិករ និង ឈ្មួញ ដើម្បីនាំចេញយកទៅលក់នៅឯក្រៅប្រទេស។
ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» អ្នកនាំចេញម្ទេសខ្នាតធំ លោក ហ្វី យ៉ាន មានអាយុ ៣៣ ឆ្នាំ រស់នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះឱ្យបានដឹងថា បច្ចុប្បន្នខាងលោកមានទទួលទិញម្ទេសអាចម៍សត្វ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ដែលមានដូចជាប្រទេសថៃ និង ប្រទេសម៉ាឡេ ជាដើម ខណៈជាមធ្យម ក្នុង ១ ថ្ងៃ លោកអាចនាំចេញដំណាំម្ទេស ទៅក្រៅប្រទេសបានចន្លោះពី ៥ តោន ទៅ ១០ តោន។
អ្នកទទួលទិញ និង ជាអ្នកនាំចេញរូបនេះ បានបញ្ជាក់ឱ្យបានដឹងទៀតថា ចំពោះតម្លៃទិញចូលនៅក្នុងថ្ងៃនេះ គឺ ១ គីឡូក្រាម ចំនួន ៧០០០ រៀល ខណៈតម្លៃទីផ្សារសម្រាប់អ្នកចង់លក់ម្ទេសនៅក្នុងឆ្នាំនេះ គឺលក់បានតម្លៃថ្លៃ និង មានតម្លៃថេរល្អ មិនចុះថោកខ្លាំងដូចឆ្នាំមុនៗនោះឡើយ រហូតដល់ពេលខ្លះតម្លៃម្ទេសអាចហក់ឡើង ដល់មួយគីឡូ ២០០០០ រៀលទៀតផង។
លោក ហ្វី យ៉ាន បានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះ លោកមានឈ្មួយកណ្ដាល ដែលតែងតែយកទៅលក់ជូនលោក ប្រមាណជាង ១០ នាក់ ខណៈអ្នកចម្ការផ្សេងៗ ក៏អាចយកទៅលក់ឱ្យលោកបានផងដែរ នៅទីតាំងឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ឬ អាចទាក់ទងបានតាមលេខទូរស័ព្ទ ០៩២ ៤៤៥ ៦៦៦៕