អ្នកគាំទ្រផ្ទុះការបារម្ហ ក្រោយលោក ឆន សុវណ្ណរាជ ព្រលយពាក្យ «ហត់គ្រប់យ៉ាង»
គិតមកដល់ពេលនេះ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានបាត់បង់ម្ដាយជាទីស្រឡាញ់អស់រយៈពេលជិត ១ ឆ្នាំហើយ ពោលគឺម្ដាយរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០។
ចាប់តាំងពីម្ដាយទទួលមរណភាពទៅ តារាចម្រៀងរូបនេះ ហាក់ស្ងប់ស្ងាត់បង្ហោះរូបថតក្រៀមក្រំ នឹកស្រណោះដល់អ្នកមានគុណគ្រប់ពេលវេលា។
ពិតណាស់ ទោះជាម្ដាយបានចាកចេញយូរខែហើយមែន តែលោកនៅតែមិនព្រមឈប់នឹករឭកដល់អ្នកម្ដាយ ដោយជារឿយៗលោកបានបង្ហោះសារត្អូញត្អែររៀបរាប់ពីម្ដាយហូរហែ ធ្វើឱ្យមហាជនអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ កាន់តែអាល័យជំនួសលោកថែមទៀត ។
ជាក់ស្ដែងថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តជំនួស ក្រោយពីឃើញលើបណ្ដាញសង្គមរបស់ តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពឱបបងស្រីធំរបស់លោក ដោយភ្ជាប់ជាមួយនឹងសារត្អូញត្អែរមួយឃ្លាទម្លាយនូវអារម្មណ៍នឹករឭកដល់ម្ដាយជាពន់ពេក។
សារនោះ លោក ឆន សុវណ្ណារាជ បាននិយាយរៀបរាប់ថា ៖ «បងហា៎ ខ្ញុំនឹកម៉ាក់ សុំឱបបន្តិចមកបង ខ្ញុំហត់ហាស៎ ហត់គ្រប់យ៉ាង»។ ក្រោយការបង្ហោះបែបនេះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីបារម្ហ និង លើកទឹកចិត្តឱ្យតារាក្នុងដួងចិត្តរបស់ខ្លួន រឹងមាំ តស៊ូបន្ដដំណើរទៅមុខទៀត កុំចុះចាញ់នឹងឧបសគ្គ៕