តារាចម្រៀងរ៉េបថៃ Sprite ទម្លាយអារម្មណ៍ពិតចំពោះ វណ្ណដា ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តតាម
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ តារារ៉េបវ័យក្មេងរបស់ថៃ Sprite បានមានវត្តមានចូលរួមក្នុងកម្មវិធី Sound Check ដើម្បីជួបផ្តល់បទសម្ភាសទាក់ទងនឹងបទចម្រៀងថ្មី «Run The Town» ដោយមានការបកស្រាយ និង សហការជាដៃគូជាមួយនឹងតារារ៉េបល្បីៗ ៣រូប គឺ F.HERO និង 1MILL ក៏ដូចជាតារារ៉េបកម្ពុជារបស់យើង គឺ វណ្ណដា សម្រាប់បទចម្រៀងមួយបទនេះគឺប្រជុំសុទ្ធសឹងតារារ៉េបល្បីៗទាំងថៃ និង កម្ពុជា។
អ្វីដែលនឹកស្មានមិនដល់ក្នុងបទសម្ភាសនោះ ខណៈដែលពិធីការនីបាននិយាយទៅកាន់ Sprite អំពីតារាដែលគេស្រឡាញ់ពេញចិត្តក្នុងចំណោម ៣ រូបដែលបានច្រៀងជាមួយគ្នា។ ភ្លាមនោះ Sprite បានឆ្លើយតបទាំងទំនុកចិត្តថាគឺ៖ «វណ្ណដា» ប្រៀបដូចជា Idol ហើយលោកក៏ជាអ្នកគាំទ្រម្នាក់របស់តារាប្រុសរូបនេះផងដែរ ពោលគឺ តាំងពីមុនពេលបានសហការជាមួយគ្នាមកម្ល៉េះ។
ជាមួយគ្នានោះ Sprite ក៏បាននិយាយពីបទចម្រៀង «នារីជឿនលឿន» របស់ វណ្ណដា បង្ហាញពិធីករទាំងពីរផងដែរ។ បើទោះជាបទចម្រៀងមួយនេះ លោកមិនអាចស្តាប់ន័យបានក៏ពិតមែន ប៉ុន្តែលោកដឹងថាបទចម្រៀងនេះគឺអស្ចារ្យខ្លាំង ទាំងភ្លេង និង ការច្រៀង ហើយ Sprite ក៏ស្តាប់បទចម្រៀងរបស់ វណ្ណដា មករហូត៕