ស្ថាប័ន Miss Grand កម្ពុជា ប្រកាសផ្លូវការនឹងផ្លាស់ប្ដូរមកុដថ្មី តម្លៃកាត់ថ្លៃមិនបានឱ្យ លីវ ជីលី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅសុខៗ ស្ថាប័ន Miss Grand Cambodia បានប្រកាសនៅលើហ្វេសប៊ុកផេកជាផ្លូវការថា នឹងមានការរៀបចំផ្លាស់ប្ដូរកមុដថ្មីជូនកម្ពុជា លីវ ជីលី ដែលជាអតីតម្ចាស់មកុដ Miss Grand Cambodia 2020។
រឿងរ៉ាវភ្ញាក់ផ្អើលមួយនេះបានកើតឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះថា ៖ «ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជានឹងធ្វើការផ្លាស់ប្តូរមកុដមាសដែលមានតម្លៃមិនអាចកាត់ថ្លៃបានថ្មីជូនកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ 2020 កញ្ញា លីវ ជីលី ដែលមានតម្លៃ ( $30,000 ) បីម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ឱ្យស័ក្ដិសមនឹងតម្លៃដែលគាត់បានធ្វើការលះបង់សម្រាប់មុខមាត់នៃប្រទេសកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រចូល Top 20 ឆ្នាំលើកដំបូងនៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា»។
តាមការបញ្ជាក់ផ្ទាល់ពីហ្វេសប៊ុកផេក MGC បានឱ្យដឹងថា ការរៀបចំផ្លាស់ប្ដូរមកុដថ្មីជូនកញ្ញា លីវ ជីលី នេះ គឺជាការតបស្នងដ៏ស័ក្ដិសម ដែលកន្លងមកកញ្ញាប្រឹងប្រែងលះបង់គ្រប់យ៉ាងដើម្បីយកទង់ជាតិកម្ពុជាបង្ហាញឱ្យអន្តរជាតិបានស្គាល់នៅលើឆាក Miss Grand International ២០២០ កន្លងមក ហើយមកុដថ្មីនោះ នឹងធ្វើការបំពាក់ជូន លីវ ជីលី នៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Cambodia 2022 ខាងមុខ។
ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកចូលចិត្តតាមដានវិស័យបវរកញ្ញាឮហើយរំភើបចិត្តចង់ឃើញមកុដដែលមានតម្លៃកាត់ថ្លៃមិនបាននោះឆាប់ៗផងដែរ៕