ហ្វេនៗគាំងភ្លឹក! PP Krit រាសីឡើងស្រឺត ក្លាយជាតារាប្រុស ក្តោបបានតំណែង BA គ្រឿងសម្អាងម៉ាកល្បី
PP Krit តារាសម្តែង និងចម្រៀងប្រុស ដែលមានវ័យ ២៣ ឆ្នាំ មានស្នាដៃរឿងល្បីជាច្រើនដូចជា «My Ambulance» និង «I Told Sunset About You»។
ទើបប្រឡូកសិល្បៈបានជាង ៥ ឆ្នាំក៏ពិតមែន តែកេរ្តិ៍ឈ្មោះរបស់តារាប្រុសរូបនេះ ហាក់ហក់ឡើងខ្ពស់ត្រដែត ដោយមានការគាំទ្រពីសំណាក់ប្រិយមិត្តជាច្រើន។
ថ្មីៗនេះដែរ PP Krit ក្តោបបានតំណែងជាទូតសុឆន្ទៈ របស់យីហោគ្រឿងសម្អាងអាមេរិក Maybelline ដែលមានផលិតផលដូចជា ម៉ាស្ការ៉ា (Mascara) ប្រដាប់គូស និងសិតចិញ្ចើម ជាដើម។
អាចនិយាយបានថា PP Krit គឺជាតារាប្រុសដំបូងដែលទទួលយកការផ្សព្វផ្សាយ ផលិតផលប្រភេទនេះប្រចាំប្រទេសថៃ ទាំងដែលពីមុនៗមកភាគច្រើនគេយកអ្នកដំណាងជាតារាស្រី តែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រិយមិត្តអ្នកគាំទ្រជាច្រើនក៏បានចូលរួមកោតសរសើរ និងចូលរួមអបអរដល់រូបលោកផងដែរ ដែលក្តោបបានមុខដំណែងធំថ្មីមួយនេះ៕