ហ្វេនៗ រំភើបចិត្តខ្លាំង! ទីបំផុត Ying Rhatha ចូលរោងការហើយ ក្រោយចុះសំបុត្រអាពាហ៍ពិពាហ៍បាន ១ ឆ្នាំ
គិតមកទល់ពេលនេះអស់ពេល ១ ឆ្នាំ ហើយ ដែលតារាស្រី Ying Rhatha និង លោក Tul Tuyathep បានភ្ជាប់ពាក្យបំពាក់ចិញ្ចៀនបញ្ចាំចិត្ត ចុះសំបុត្រអាពាហ៍ពីពាហ៍នោះ។ ក្រោយពីភ្ជាប់ពាក្យរួចមក គេសង្កេតឃើញថា ជីវិតគូស្នេហ៍របស់អ្នកទាំងពីរហាក់មានក្តីសុខណាស់ តែងតែបង្ហោះរូបភាពផ្អែមល្ហែមមិនដែលដាច់ឡើយនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ហើយមហាជនបន់ឱ្យពួកគេចូលរោងការឆាប់ៗប៉ុណ្ណោះ។
ដោយឡែកនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះពិតធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះថាថ្ងៃដែលមហាជនអ្នកគាំទ្ររង់ចាំ គឺបានមកដល់ហើយ ដោយតារាស្រី Ying បានកាន់ដៃគូដណ្ដឹងរបស់ខ្លួនចូលរោងការតាមប្រពៃណី។
ក្នុងថ្ងៃដ៏សែនមានអត្ថន័យនេះ តារាស្រី Ying បានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដែលខ្លួនអាចគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតមាន ឪពុកម្ដាយទាំងសងខាង និង ញាតិមិត្តប្រុសស្រីជាសក្ខីភាពស្នេហ៍។
លើសពីនោះ ងាកទៅមើលតារាស្រីប្រុសថៃ ដែលជាមិត្តរួមអាជីពក៏បានអញ្ជើញជាភ្ញៀវកិត្តិយសយ៉ាងអធិអធមផងដែរ។ ជាមួយគ្នានោះ ងាកទៅមើលអ្នកគាំទ្រក៏បានសរសេរសារជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងនេះពេញបណ្ដាញសង្គមដូចគ្នា៕