ចូលវ័យជ្រេ Li Bingbing លែងខ្វល់រឿងរៀបការមានកូនផ្ទាល់ខ្លួន សុខចិត្តទុកទ្រព្យចែកឱ្យកូនក្មួយវិញ
ជារឿយៗអ្នកគាំទ្ររបស់តារាសម្ដែងស្រី Li Bingbing តែងតែបានឃើញនាងបង្ហោះរូបថតស្និទ្ធស្នាលជាមួយនឹងក្មួយប្រុសស្រីរបស់នាង នៅលើបណ្តាញសង្គម Weibo ដោយចែករំលែកក្តីស្រឡាញ់ការថ្នាក់ថ្នមចំពោះកូនក្មួយរបស់នាង។
យ៉ាងណាមិញ កាលពេលថ្មីៗនេះ នៅលើបទសម្ភាសមួយ Li Bingbing បានសារភាពថា ពេលនេះនាងនៅទំនេរទេ ហើយនាងប្រហែលជាមិនរៀបការទេ និង ថែមទាំងបង្ហើបបែបនេះទៀតថា នាងមានបំណងចង់ទុកទ្រព្យសម្បត្តិទាំងអស់របស់នាង ប្រហែល ៨០ លានដុល្លារនោះ ឱ្យទៅក្មួយប្រុសស្រីទាំងពីររបស់នាង។
ក្នុងបទសម្ភាសនោះដែរ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ ក៏បានបង្ហើបពីគម្រោងចាត់ចែងទ្រព្យសម្បត្តិរបស់នាងថា ៖ «ទៅថ្ងៃមុខ ខ្ញុំនឹងទុកទ្រព្យសម្បត្តិទាំងអស់ឱ្យក្មួយស្រី និង ក្មួយប្រុសរបស់ខ្ញុំ»។ ក្រោយមកនាងបានបន្ថែមថា ៖ «គ្រួសារប្រៀបដូចជាចំណងដែលយើងមិនអាចផ្តាច់ចោលបាន»។
ត្រឡប់មកនិយាយកាលពីខែមីនា ឆ្នាំ ២០២១ កន្លងទៅវិញ Li Bingbing បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលដែលនាងបានប្រកាសបែកគ្នាជាមួយនឹងសង្សារជាអ្នកវិនិយោគ ក្រោយស្រឡាញ់គ្នាបាន ៤ ឆ្នាំ។ ដោយបាននិយាយថា ៖ «ទោះបីជាពួកយើងលែងជាគូស្នេហ៍ក៏ដោយ ប៉ុន្តែគាត់ដូចជាសមាជិកម្នាក់ក្នុងគ្រួសារខ្ញុំដែរ»៕