បន្ថែមទៀតហើយ! អាមេរិកផ្តល់ជំនួយយោធា ១០០ លានដុល្លារ មានទាំងសព្វាវុធជាច្រើនទៀត ទៅដល់អ៊ុយក្រែន
នៅថ្ងៃទី១៩ ឆ្នាំ ២០២២ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានប្រសាសន៍ថា ៖ «រដ្ឋាភិបាលរបស់លោក គឺប្រធានាធិបតីលោក Joe Biden បានអនុញ្ញាតឱ្យផ្តល់ជំនួយយោធាបន្ថែមចំនួន ១០០ លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីជួយដល់ទីក្រុង Kyiv ទប់ទល់ការឈ្លានពានរបស់រុស្ស៊ី»។
ជាមួយគ្នានោះដែរ លោក Joe Biden ក៏បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា ៖ «ក្នុងជំនួយនោះ ក៏រួមមានកាំភ្លើងធំ 155 mm howitzers ១៨ ដើម យានជំនិះ ១៨ គ្រឿង និង រ៉ាដាប្រឆាំងកាំភ្លើងធំ AN/TPU 36 ៣ គ្រឿង»។ លោក Joe Biden បន្តមានប្រសាសន៍បន្ថែមទៀតថា ៖ «សព្វាវុធ និង ឧបករណ៍ទាំងនេះនឹងបញ្ចូនទៅកាន់សមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយលោកក៏បញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់លោកចំពោះប្រជាជនដ៏ក្លាហានរបស់អ៊ុយក្រែន ចំពោះការការពារប្រទេសរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី» ។
សូមរំឭកផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាទៅប្រទេសអ៊ុយក្រែនដល់ទៅ ៣.៩ ពាន់លានដុល្លារហើយ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មកនោះ៕
ប្រភព៖ The Hill