Angelababy ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយនាំកូនដើរលេង តែបែរមិនខ្វល់ពីកូន
បើនិយាយដល់តារាសម្ដែងស្រីរូបស្រស់ Angelababy ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ដឹងមកហើយពីព័ត៌មានលែងលះគ្នារបស់នាងជាមួយស្វាមី Huang Xiaoming កាលពីខែមករា កន្លងទៅ ក្រោយរួមរស់ជាប្ដីប្រពន្ធយល់ចិត្តគ្នាអស់រាប់ឆ្នាំមកនោះ។
ចាប់តាំងពីលែងលះដាច់ស្រេចមក អតីតគូស្នេហ៍មួយគូនេះ ក៏បានសម្រេចចិត្តចិញ្ចឹមកូនប្រុសវ័យ ៥ ឆ្នាំរបស់ពួកគេជាមួយគ្នាដដែល មិនមានលើកឱ្យទៅភាគីខាងណាជាអ្នកទទួលខុសត្រូវចិញ្ចឹមនោះឡើយ។
ដោយឡែកថ្មីៗនេះ តារាសម្ដែងស្រីវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានមហាជនប្រទះឃើញនៅតាមទីសាធារណៈជាមួយកូនប្រុសរបស់នាង តែការប្រទះឃើញនេះ បែរជាធ្វើឱ្យមហាជនសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះរូបនាងទៅវិញ។
តាមការបញ្ជាក់របស់មហាជនបានឱ្យដឹងថា Angelababy និង កូនប្រុសនាង គឺបាននាំគ្នាទៅលេងសួនកម្សាន្តមួយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនស្រង៉ាកចិត្តបំផុតនោះ គឺតារាស្រីរូបនេះ បែរជាមិនសូវចំណាយពេលជាមួយកូននោះឡើយ បើទោះបីជាមានវត្តមានជាមួយគ្នាក្ដី។ Angelababy គឺត្រូវបានប្រទះឃើញដើរចុចតែទូរស័ព្ទមិនខ្វល់ពីកូន ខណៈកូនប្រុសនាង ដើរពីក្រោយជាមួយម៉ែដោះទៅវិញ។
លើសពីនេះទៅទៀត សូម្បីតែក្រោយពេលនាង និង កូនចូលទៅមើលការសម្ដែងនៅខាងក្នុងកន្លែងកម្សាន្ត Angelababy នៅតែជាប់ដៃនឹងទូរស័ព្ទ មិនខ្វល់នឹងកូនដដែល រហូតទាល់តែកូនដើរទៅរកនាង ទើបនាងងាកមកខ្វល់នឹងកូនវិញ។
ទង្វើរបស់ Angelababy នេះហើយ បានធ្វើឱ្យនាងទទួលរងមតិរិះគន់ជាច្រើន ដោយមហាជនខ្លះលើកឡើងថា នាងតែងតែរវល់មិនសូវមានពេលនាំកូនដើរលេងនោះឡើយ តែនៅពេលដែលមាន នាងក៏នៅតែមិនខ្វល់ពីកូន បែរជារវល់នឹងទូរស័ព្ទទៅវិញ៕