កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានប្រសាសន៍ថា ៖ «ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺជាមន្ត្រីរុស្ស៊ីតែម្នាក់គត់ ដែលលោកមានឆន្ទៈចង់ជួបជាមួយដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាម»។
ជាមួយគ្នានេះដែរ លោក Zelenskyy ក៏បានថ្លែងតាមរយៈវីដេអូក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos នាប្រទេសស្វីស ដោយមានប្រសាសន៍ដែរថា ៖ «ការរៀបចំកិច្ចពិភាក្សាណាមួយជាមួយរុស្ស៊ី គឺកាន់តែពិបាក ដោយសារអ្វីៗដែលលោកបានមានប្រសាសន៍ គឺជាភស្តុតាងនៃសកម្មភាពរបស់រុស្ស៊ី ដែលបានប្រឆាំងនឹងជនស៊ីវិល»។
មិនត្រឹមតែប៉ុណ្ណោះ លោក Zelenskyy ក៏បន្តមានប្រសាសន៍ទៀតថា ៖ «ប្រសិនបើយើងនិយាយអំពីការបញ្ចប់សង្គ្រាម ដោយពុំបានជួបលោក Putin ដោយផ្ទាល់នោះទេ រាល់ការសម្រេចទាំងឡាយនឹងមិនអាចធ្វើទៅបានឡើយ» ។
សូមរំឭកផងដែរថា ការចរចារបស់អ៊ុយក្រែន និង រុស្ស៊ីក៏ធ្លាប់បានធ្វើឡើងចាប់តាំងពី ខែកុម្ភៈ កន្លងទៅនេះផងដែរ ក៏ប៉ុន្តែការចរចា ត្រូវបានជាប់គាំង៕
ប្រភព៖ Reuter