នាពេលកន្លងមក ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអនុវត្តន៍ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នូវស្លាកលេខ បែបលេខពិសេសផ្ទាល់ខ្លួន ដែលវា ជាជម្រើសមួយបន្ថែម សម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខជាដើម ដែលអាចប្រើបានត្រឹម ៨ ខ្ទង់ ខណៈចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។
ក្នុងនោះ ដើម្បីឆែកមើលតម្លៃ នៃឈ្មោះ ឬលេខដែលលោកអ្នកចង់បាន គឺអាចចូលទៅកាន់វែបសាយរបស់ក្រសួង ដែលមានឈ្មោះ « https://vehicle.mpwt.gov.kh »។ ក្រោយពីចូលទៅកាន់វែបសាយ លោកអ្នកអាចវាយឈ្មោះ ឬលេខដែលខ្លួនចង់បាន រួចចុចពាក្យថា ស្វែងរក នោះនឹងលោតស្លាកលេខគំរូ ភ្ជាប់ជាមួយនឹងតម្លៃដែលលោកអ្នកចង់ដឹង។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីក្រសួង បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី ២ លានរៀលឡើងទៅ ចំពោះលេខ ៨ ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឱ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ ១ ស៊េរី ចុះតម្លៃ ៥០%, ថយ ២ ស៊េរី ចុះតម្លៃ ៧៥%, ថយ ៣ ស៊េរី ចុះតម្លៃ ៩០%, ថយ ៤ ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី ៥ ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕