ក្រោយពីសពតារាស្រី Tangmo ត្រូវបូជារួច មហាជនមួយចំនួនរំពឹងថារឿងក្តីការស្លាប់របស់នាងនឹងស្ងាត់ទៅតាមម្ចាស់ តែតាមពិតគឺមិនងាយនោះទេ ព្រោះឥឡូវនេះម្តាយរបស់នាងបានផ្ញើទូរសព្ទរបស់កូនស្រីឱ្យបុរសម្នាក់ឈ្មោះ BangJack នៅសហរដ្ឋអាមេរិក រហូតបានកើតជារឿងរ៉ាវត្រៀមទម្លាយវីដេអូសំខាន់ៗទាក់ទងនឹងក្តីជាច្រើនទៀត។
យ៉ាងណាមិញ រឿងនេះបានធ្វើឱ្យមហាជនហាក់ខឹងក្នាញ់នឹងម្តាយនាងមិនតិចនោះទេ ព្រោះហ៊ានផ្ញើទូរស័ព្ទកូនឱ្យទៅ BangJack ដែលជាជនធ្លាប់តែមានរឿងអាស្រូវឆបោកច្រើន ខណៈធ្លាប់មករស់នៅប្រទេសថៃបានតែប៉ុន្មានឆ្នាំ។ ដោយឡែក ជាមួយនឹងការឆាបឆួលរបស់មហាជននេះ Sitang ដែលគេស្គាល់ថាជា យាយក្រវីសក់ ក៏បែរចេញមុខមកលូកមាត់ ដោយបានសរសើរ BangJack ទៅវិញ។
Sitang បាននិយាយថា BangJack គឺជាមនុស្សសង្ហា ហើយថែមទាំងពូកែទៀត ដែលអាចយកទូរសព្ទ Tangmo ទៅ ហើយអាចយកព័ត៌មានទាំងអស់មកវិញបាន។ បើសិនជា BangJack ទម្លាយវីដេអូសំខាន់មកពិតមែន រឿងក្តី Tangmo អាចនឹងបិទឆាប់ៗនេះ ហើយប្រជាជនថៃអាចនឹងភ្លេចទង្វើមិនល្អដែលគេធ្លាប់ធ្វើកន្លងមកក៏ថាបាន។
លើសពីនេះទៀត Sitang ក៏ថែមទាំងសរសើរម្តាយរបស់ Tangmo ព្រមទាំងធានាចិញ្ចឹមមើលថែគាត់ទៀតផង។ ចុងក្រោយ យាយក្រវីសក់ ចង់ឱ្យមានការគាស់កកាយរឿងក្តីរបស់ Tangmo ឡើងវិញ ដោយចង់ដឹងរឿងនៅថ្ងៃកើតហេតុឱ្យច្បាស់ ហើយខ្លួនជឿថា Tangmo មិនមុខក្រាស់ទៅអង្គុយបត់ជើងចុងទូកនោះទេ៕