អតីតប្តី Zhao Liying ទឹកភ្នែកពោលទាំងស្តាយចង់ត្រូវគ្នាវិញ តែចុងក្រោយបានត្រឹមចម្លើយនេះ
កាលពីខែមេសា ឆ្នាំ ២០២១ ប្តី-ប្រពន្ធតារាសម្ដែងចិនដ៏ល្បី Feng Shaofeng និង Zhao Liying បានប្រកាសលែងលះគ្នាជាសាធារណៈ បង្កឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អ្នកទាំងពីរបានផ្តាច់ចំណងអាពាហ៍ពិពាហ៍ បន្ទាប់ពីរៀបការជាមួយគ្នារួមរស់នៅក្រោមដំបូលផ្ទះតែមួយអស់រយៈពេលជាង ២ឆ្នាំ។ មកទល់នឹងពេលនេះ អ្នកគាំទ្រក្នុងបណ្តាញសង្គម នៅតែទន្ទឹងរង់ចាំឱ្យគូស្នេហ៍មួយគូនេះអាចវិលត្រឡប់មកនៅជាមួយគ្នាវិញ។
យ៉ាងណាមិញ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ ស្រាប់តែ Sohu បានទម្លាយព័ត៌មានលម្អិតក្តៅៗអំពីអតីតប្តី-ប្រពន្ធតារាចិនមួយគូនេះ ដែលធ្លាប់តែមានប្រជាប្រិយ។ ក្នុងនោះ ប្រភពដដែលបានបន្តថា Feng Shaofeng កំពុងតែមានអារម្មណ៍សោកស្តាយខ្លាំង ចំពោះការលែងលះជាមួយនឹង Zhao Liying ហើយលោកនៅតែចង់ត្រូវគ្នានឹងអតីតភរិយាម្ដងទៀត។
អ្វីដែលកាន់តែធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺកាលដែលតារាសម្ដែងប្រុសរូបនេះ បានស្រក់ទឹកភ្នែក និង ពោលពាក្យទាំងនេះទៅកាន់អតីតភរិយាថា ៖ «បងស្រឡាញ់អូនអស់ពីចិត្ត តែអូនចិត្តដាច់ណាស់»។
ទោះបីជាយ៉ាងណា Zhao Liying នៅតែបដិសេធយ៉ាងដាច់អហង្ការចំពោះសំណើរបស់អតីតស្វាមីរបស់នាង ហើយតារាស្រីរូបនេះគិតថា នាង និង អតីតស្វាមី អាចធ្វើបានត្រឹមជាមិត្តនឹងគ្នាជាងធ្វើជាប្តី-ប្រពន្ធ។ ទន្ទឹមនឹងនោះ Zhao Liying គ្រាន់តែចង់ឱ្យទំនាក់ទំនងអ្នកទាំងពីរនៅតែល្អ ដើម្បីចិញ្ចឹមបីបាច់កូនរួមគ្នាប៉ុណ្ណោះ៕