Taew ទម្លាយអាការជំងឺស្រឺតរបស់ខ្លួន មិននឹកស្មានធ្ងន់ធ្ងរដល់ថ្នាក់នេះ
ចាប់តាំងពីតែងតែរងការវាយប្រហារជាពាក្យសម្តីរិះគន់ ពីមហាជនយ៉ាងសន្ធឹកមក ផ្លូវចិត្តរបស់តារាស្រី Taew Nataphon ក៏ហាក់កាន់តែដុនដាបទៅៗ ដោយសារសម្តីទាំងនោះ រហូតក៏ក្លាយទៅជាជំងឺស្រឺត (Panic Attack) ដែលតោងទាមលងបន្លាចនាងអស់រាប់ឆ្នាំ។
យ៉ាងណាមិញ ថ្មីៗនេះ Taew ក៏បានចេញមុខមកទម្លាយពីអាការ និងបទពិសោធន៍ជាមួយនឹងជំងឺមួយមុខនេះ នៅក្នុងកម្មវីធីសម្ភាសកម្សាន្តមួយផងដែរ។
នាងបានឱ្យដឹងថា នៅពេលដែលនាងទើបតែកើតជំងឺនេះថ្មីៗ ប្រមាណជា ៥ ឬ ៦ ឆ្នាំ មុន គឺវាមានអារម្មណ៍ខាងក្នុងដូចជាមនុស្សលង់ទឹកដូច្នោះឯង មានត្រជាក់ស្ពឹកទាំងខ្លួន បេះដូងលោតញ័រខុសធម្មតា បែកញើសជោគ ហើយថែមទាំងថប់ដង្ហើមទៀតផង។
ដោយឡែក មកទល់ពេលនេះ នាងក៏សះស្បើយច្រើនណាស់ទៅហើយ ដោយសារតែការហាត់ប្រាណ ការសម្រួលអារម្មណ៍ និងការកាត់បន្ថយថ្នាំ។ នាងបន្តទៀតថា ជំងឺមួយនេះ វាអាចត្រលប់មកវិញបាន បើសិនជាយើងខ្វះការថែរក្សាខ្លួនឯង ដូចជាការដេកមិនគ្រប់ និងអ្វីផ្សេងទៀតដែលអាចប៉ះពាល់ដល់សុខភាព។
ចុងក្រោយ Taew ក៏បានណែនាំទៅដល់អ្នកមានជំងឺស្រឺតផ្សេងផងដែរថា បើដឹងថាខ្លួនកើតហើយ ត្រូវព្យាយាមទទួលយកវាឱ្យបានសិន បើសិនជាខំប្រឹងប្រាប់ខ្លួនឯងថាមិនអី នោះវារឹតតែយ៉ាប់ជាងមុនទៀត ហើយក៏គួរតែទៅរកគ្រូពេទ្យផងដែរ។ ជំងឺមួយនេះគ្រប់គ្នាសុទ្ធតែអាចកើតបាន ជាពិសេសមកពីមកពីការប្រើប្រាស់ពាក្យសម្តីនៅក្នុងបណ្តាញសង្គមនោះឯង៕