រឿង Gangubai កក្រើកខ្លាំង ដល់ថ្នាក់ស្រីស្អាត មាន សូនីតា ចង់ទៅប្រទេសឥណ្ឌាធ្វើរឿងនេះ
ខ្សែភាពយន្តឥណ្ឌា រឿង Gangubai ហាក់កំពុងតែផ្ទុះកក្រើកខ្លាំង ដោយមានអ្នននិយមទស្សនាច្រើនសន្ធឹកសន្ធាប់ ដោយហេតុថារឿងនេះ បានបើកបង្ហាញឱ្យឃើញពីខ្សែជីវិតយ៉ាងជូរចត់ពិបាកនឹងពណ៌នារបស់តួអង្គស្រី នាង Gangubai ដែលត្រូវសង្សារបោកប្រាស់ល្បួងយកមកលក់ធ្វើជាស្រីសោភិនីតាំងពីអាយុ ១៦ ឆ្នាំ តែទោះជាយ៉ាងណា នាងមិនចុះចាញ់នឹងវាសនាតស៊ូរហូតក្លាយជាមេបនចិត្តធម៌ទាមទារសិទ្ធិជូនស្ត្រីរកស៊ីផ្លូវភេទ។
ទន្ទឹមនឹងភាពលេចធ្លោនៃតួសម្ដែង និង ខ្លឹមសាររឿងដ៏ល្អលើកកម្ពស់តម្លៃស្ត្រីនេះ បានធ្វើឱ្យអ្នកសិល្បៈតាមបណ្ដាប្រទេសជាច្រើននាំគ្នាតែងខ្លួនតាមតួអង្គនាង Gangubai ។ ដូចគ្នានោះ ងាកមើលតារាសម្ដែងស្រី កញ្ញា មាន សូនីតា ឯណេះវិញ ស្របពេលតែរឿង Gangubai កំពុងតែផ្ទុះកក្រើកនេះ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ នាងក៏បានចាប់អារម្មណ៍តែងខ្លួនស្លៀកឈុត ឥណ្ឌាទៅតាមនាង Gangubai ដូចគ្នា ដើម្បីចេញមកឡាញលក់ផលិតផលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
លើសពីនោះ ក្រោយពីតែងខ្លួនហើយ ក្នុងវីដេអូឡាយនាទី ២.៣០ តារាស្រីរូបនេះក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ព្រោះថាវារឿងមួយដែលនាងពេញចិត្ត ហើយទស្សនាចប់រហូតដលទៅ ២ ដងឯណោះ។ ក្នុងនោះដែរតារាស្រី មាន សូនីតា ក៏បាននិយាយថា នេះជាលើកទីមួយហើយសម្រាប់នាងដែលតែងខ្លួនជានារីឥណ្ឌាបែបនេះ។
អ្វីដែលសំខាន់រឿង Gangubai បានបណ្ដាលចិត្តឱ្យនាងចង់ទៅប្រទេសឥណ្ឌា ដើម្បីទៅទស្សនាកម្សាន្ដ ព្រមទាំងផ្តិតយករូបភាពនៅទីនោះ ព្រោះដោយមើលឃើញថាសាច់រឿងបានរំលេចចេញនូវទីតាំងស្អាតៗជាច្រើន។
ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ តារាសម្ដែងល្បី មាន សូនីតា ក្រោយពីតែងខ្លួនបែប ឥណ្ឌាហើយ គេសង្កេតឃើញថាមានមហាជនអ្នកគាំទ្រជាច្រើន បានចូលទៅបញ្ចេញមតិអួតសរសើរគ្រប់ៗគ្នាថា ស្រស់ស្អាតមិនចាញ់តួឥណ្ឌាឡើយ៕