ផ្ទុះរឿងតារាកំប្លែងចង់លាសុំឈប់ ស្រាប់តែលោកតា វ៉ិចទ័រ បង្ហោះសារបង្កប់ន័យចាក់ដោតមួយឡើង
ជឿថាមហាជនអ្នកលេងបណ្ដាញសង្គមប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ តារាកំប្លែង នាយ ពាក់មី បានប្រកាសក្ដែងៗចង់លាឈប់ពីប៉ុស្ដិ៍ទូរទស្សន៍ដ៏ធំមួយដែលជាទ្រនំធ្លាប់ផ្ដល់កំណើតសិល្បៈឱ្យលោកជាង ១០ ឆ្នាំមកនេះ លើសពីនេះ នាយថែមទាំងបានទម្លាយថាក៏មានតារាកំប្លែងប៉ុន្មានរូបទៀតចង់លាឈប់ដូចគ្នា ព្រោះតែមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មី ប៉ុន្ដែក្រោយមក នាយ ពាក់មី ក៏ទទួលបានការសម្រុះសម្រួលមួយពីខាងប៉ុស្ដិ៍ទូរទស្សន៍។
រឿងរ៉ាវតារាកំប្លែង នាយ ពាក់មី ប្រកាសចង់លាឈប់នេះ បានផ្ទុះកក្រើក ត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញមតិជជែកវែកញែកមិនដាច់សោះ។ ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅនៅឡើយ ស្រាប់តែនៅថ្ងៃទី ១ មិថុនា ឆ្នាំ ២០២២ លោកតា វ៉ិចទ័រ ដែលមហាជនស្គាល់ច្បាស់គឺជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ីន បានបង្ហាញទិដ្ឋភាពក្រុមការងារកំប្លែងកំពុងថតសកម្មភាពរឿងដូចធម្មតា ប៉ុន្ដែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ពាក្យសម្ដីរបស់អ្នកចាត់ការរូបនេះ។
ក្រៅពីបង្ហាញសកម្មភាពការដឹកនាំថតកម្មវិធីកំប្លែង លោកតា វ៉ិចទ័រ បានសរសេររៀបរាប់បង្ហោះលើហ្វេសប៊ុកថា ៖ «កម្មករនេសាទពុលរលកអស់ហើយ អូសត្រីមិនបានទេ ស្ដាយទូក»។ Caption ខ្លីរបស់លោកតា វ៉ិចទ័រ ហាក់បង្កប់អត្ថន័យជ្រៅ ហាក់ចៃដន្យខ្លាំងនឹងរឿងកំពុងផ្ទុះល្បីពេញប៉ុន្មានសង្គមនាពេលថ្មីៗនេះខ្លាំងណាស់៕