ចង់ក្លាយជាតារា KPOP ឬអត់? ឥលូវ BIGHIT MUSIC GLOBAL AUDITION ប្រកាសជ្រើសបេក្ខភាពហើយ
BIGHIT MUSIC ដែលជាទ្រនំជ្រកកោនរបស់ក្រុមចម្រៀងបុរស ដែលមានប្រជាប្រិយភាពខ្លាំង គឺក្រុម BTS និង ក្រុមបុរសជំនាន់ទី ៤ គឺក្រុម TOMORROW X TOGETHER «TXT» និង លោក Lee Hyun ដែលជាតារាចម្រៀងទោល បានប្រកាសស្វែងរកក្រុមចម្រៀងថ្មី (ភេទប្រុស) មកចូលរួមក្នុងវិស័យតន្រ្តីចម្រៀងកូរ៉េខាងត្បូង សម្រាប់ជំនាន់ក្រោយ។
ផលិតកម្ម ដែលកំពុងតែមានសក្ដានុពលនោះ បានប្រកាសផងដែរថា ពួកគេនឹងរៀបចំកម្មវិធី «BIGHIT MUSIC Global Audition» សម្រាប់ឆ្នាំ ២០២២ ទាំងក្នុង និង ក្រៅប្រទេស ដោយផ្ទាល់ ចាប់ពីថ្ងៃទី ៦ ខែ មិថុនា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ។
សម្រាប់លក្ខន្តិកៈវិញគឺ គេជ្រើសរើសអ្នកដែលមានឆ្នាំកំណើតចាប់ពីឆ្នាំ ២០០២ ឡើងទៅ ភេទប្រុស។ ចំណែកឯ សញ្ជាតិ ឬទីកន្លែងកំណើត មិនគិតនោះទេ ពោលគឺ ប្រទេសណាក៏អាចចូលរួមបានទាំងអស់ ឱ្យតែបេក្ខជនទាំងអស់ មានទេពកោសល្យអាច រ៉េប ច្រៀង រាំ ឬមានទេពកោសល្យផ្សេងៗដើម្បីក្លាយជាអ្នកចម្រៀងបាន។
គួរបញ្ជាក់ផងដែរថា បេសកកម្មដែលត្រូវជម្រុះបេក្ខភាព គឺនឹងធ្វើឡើងនៅ ទីក្រុង L.A សហរដ្ឋអាមេរិក ហើយនឹងបន្តទៅ ទីក្រុង Toronto ប្រទេសកាណាដា, ទីក្រុង Sydney ប្រទេសអូស្ដ្រាលី, ទីក្រុងបាកក ប្រទេសថៃ, ទីក្រុងតៃប៉ិ រដ្ឋធានីនៃកោះតៃវ៉ាន់, ទីក្រុង តូក្យូ ប្រទេសជប៉ុន, ទីក្រុងសេអ៊ូលផ្ទាល់ និង តាមរយៈអនឡាញ៕