ជាដំណឹងល្អមួយសម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរ និង ចង់ទៅលេង ប្រទេសកូរ៉េខាងត្បូង ពេលនេះគឺលែងមានចត្តាឡឺស័កទៀតហើយ។ ការសម្រេចមួយនេះត្រូវបានប្រកាសឡើងដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ក្នុងអំឡុងពេលកិច្ចប្រជុំឆ្លើយតបនឹងជំងឺរាតត្បាតកាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ។
ក្នុងសេចក្ដីប្រកាសនោះគឺ អ្នកដំណើរបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំង លែងត្រូវឆ្លងកាត់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៨ ខែមិថុនាតទៅ។
ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលនៅតែរក្សានូវតម្រូវការរបស់អ្នកធ្វើដំណើរ ក្នុងការបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន មុនពេលចូលទៅដល់ប្រទេសកូរ៉េ និង ត្រូវធ្វើតេស្ត PCR ៧២ ម៉ោងនៅប្រទេសកូរ៉េបន្ទាប់ពីមកដល់ផងដែរ៕