Pat ទម្លាយច្បាស់ៗ ក្រោយពីផ្ទុះការសង្ស័យផ្តើមស្នេហ៍ថ្មីជាមួយប៉ូលិសវ័យក្មេងខុសអាយុគ្នាដល់ទៅ ១៤ ឆ្នាំ
ដូចប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី Pat ក៏បានចែកផ្លូវគ្នាជាមួយសង្សារជាប៉ូលិសរូបសង្ហាលោក Nine Napat បន្ទាប់ពីទាក់ទងគ្នាបានមួយរយៈធំ។ ក្រោយពីចែកផ្លូវទៅ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់ពុំទាន់ឃើញមានផ្តើមទំនាក់ទំនងជាមួយនឹងនរណាទៀតឡើយ។
ដោយឡែកថ្មីៗនេះ ស្រាប់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសុខៗមិត្តភក្តិរួមការងារក្នុងកម្មវិធីកម្សាន្តមួយរបស់តារាស្រី គឺ DJ Dada និង Boom បានទម្លាយត្រួសៗថាពេលនេះ Pat កំពុងតែមានស្នេហ៍ថ្មីហើយ ដោយបុរសរូបនោះមានអាយុក្មេងជាងតារាស្រី Pat ជាង ១៤ ឆ្នាំឯណោះ។
សម្រាប់ Pat ក្រោយពីមិត្តបង្អាប់បែបនោះហើយហាក់អៀនមុខក្រហមនិយាយមិនចេញឡើយ ហាក់សម្តែងអាការឱ្យឃើញថាជាការពិត។ យ៉ាងណាមិញ ក្រោយពីផ្ទុះការសង្ស័យមកកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Pat បានចេញមកទម្លាយក្នុងកម្មវិធីកម្សាន្តមួយថា ៖ «សម្រាប់ប៉ូលិសកំលោះដែលមហាជនសង្ស័យថាជាសង្សារនាងនោះ តាមពិតអ្នកទាំងពីរត្រឹមតែជាមិត្តភក្តិ អ្នកស្គាល់គ្នាប៉ុណ្ណោះ។ អ្វីដែលសំខាន់នាង និង ប៉ូលិសរូបនោះមិនមែនជាសង្សារឡើយ គឺនាងនៅ Single ដដែលទេ»។ លើសពីនោះ Pat បានបន្ថែមថា ៖ «សូមកុំប្រើពាក្យថាសង្សារអី ប្រើពាក្យថាជាអ្នកស្គាល់គ្នាល្អជាង»៕