(វីដេអូ) អបអរ! អែម គុនថង ឈ្នះបានពានរង្វាន់មួយហើយលើឆាក Miss Global នៅឥណ្ឌូណេស៊ី ក្នុងវគ្គប្រកួតបឋម
ជាការពិត កាលពីថ្ងៃទី ៣០ ខែឧសភា កន្លងទៅ Miss Global Cambodia ២០២១ កញ្ញា អែម គុនថង បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Global ២០២២។
គិតមកដល់ពេលនេះ រយៈពេលជាងមួយសប្តាហ៍មកហើយ ដែល Miss Global Cambodia ២០២១ កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិនេះ ដោយបានឃើញថា កញ្ញា និង បេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងៗ នៅលើទឹកដីឥណ្ឌូនេស៊ីផងដែរ។
ដោយឡែក នៅរាត្រីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្មវិធី Miss Global ២០២២ បានឈានដល់វគ្គប្រកួតបឋមហើយ ដែលកម្មវិធីតម្រូវឱ្យបេក្ខភាពតំណាងប្រទេសនីមួយៗប្រកួតលើវិញ្ញាសារដើរបង្ហាញឈុតរាត្រីសមោរស ឈុតហែលទឹក និង ឈុតតំណាងជាតិផងដែរ។
ក្នុងវគ្គប្រកួតនៅរាត្រីនេះដែរ បវរកញ្ញាកម្ពុជា អែម គុនថង កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្តមោទកភាព និង ធ្វើការសាទរដល់ កញ្ញា គ្រប់គ្នា ខណៈដែលនាងបានឈ្នះពានរង្វាន់មួយហើយនៅលើឆាកប្រកួតអន្តរជាតិនេះ គឺពានរង្វាន់ Miss Fashion Award នេះបើតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia៕
សូមទស្សនាវីដេអូខាងក្រោម៖