កោះស្តេចឋានសួគ៌ទេសចរណ៍ នៅខត្តកោះកុង
ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារម្មណីយដ្ឋានដែនកោះដ៏ល្អអស្ចារ្យមួយ ដែលកម្ររកកន្លែងណាមកប្រៀបប្រដូចពុំបាន បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះហើយ នឹងមានអារម្មណ៍ថា ប្លែក និងសប្បាយរីករាយឥតឧបមា ដោយនៅទីនោះមានទេសសភាពយ៉ាងស្រស់ស្អាត និង ឆ្នេរខ្សាច់ ថ្មប៉ះប្រះទឹក យ៉ាងស្អាតគួរឱ្យគយគន់ក្រៃលែង ។
តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅ ប្រកបរបរចិញ្ចឹមជីវិត និងគ្របដណ្តប់ ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់សស្អាត និង ជីវចម្រុះសមុទ្រដ៏ស្រស់បំព្រងដែលជាក្តីត្រេកត្រអាលសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
កោះស្តេចនេះមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ខេត្តកោះកុងទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬ ក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។
ពេលកំពុងធ្វើដំណើរ ដោយការជិះទូករបស់សហគមន៍ទេសចរណ៍នោះគឺភ្ញៀវទេសចរតែងតែមិនភ្លេចឡើយនូវការចោលក្រសែភ្នែកគយគន់ផ្ទៃទឹកសមុទ្រឆ្ងាយដាច់កន្ទុយភ្នែក គេសង្កេតឃើញមានប្រជុំកោះជាច្រើនផុសឡើង នៅកណ្តាលមហាសាគរល្ហល្ហេវ ដែលលម្អទៅដោយទេសភាពផ្ទៃទឹកពណ៌បៃតង មើលទៅមានសភាពស្រស់បំព្រងបំផុត សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ។
មិនយូរប៉ុន្មាន យើងនឹងបានទៅដល់កោះស្តេច ដែលលម្អទៅដោយឆ្នេរថ្មប៉ប្រះទឹក ឆ្នេរខ្សាច់ពណ៌សស្រស់ប្រកបដោយភាពស្ងប់ស្ងាត់ និង ស្រស់ស្អាតបន្ទាប់មកភ្ញៀវបានទៅទស្សនាកោះនានានៅក្បែរៗនោះ ដែលលាតសន្ធឹងធំល្វឹងល្វើយ និង ព័ទ្ធជុំវិញទៅដោយផ្ទៃជលសារពណ៌ខៀវស្រងាត់ និង មានភូមិដ្ឋានអ្នកនេសាទនៅលើដែនកោះនេះយ៉ាងមានរបៀបរៀបរយ ដោយមានអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ ។
ប្រជាពលរដ្ឋដែលរស់នៅលើកោះស្តេចនេះ ជីវភាពរស់នៅប្រចាំថ្ងៃគឺពឹងផ្អែកលើការប្រកបរបរនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេច ជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាព រួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្មត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ មិនបានធ្វើឱ្យទីនោះមានភាពឯកាទៀតឡើយ ។
កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា បច្ចុប្បន្នកោះស្តេចនៅមិនទាន់មានក្រុមហ៊ុនឯកជនណា សហការជាមួយខាងមន្ទីរទេសចរណ៍ខេត្តដើម្បីធ្វើការអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ ដូចនៅកោះមួយចំនួននោះឡើយ ៕
ដោយ៖សុថាត់ (រូបថត៖ពនេចរថតរូប)