DJ Push ពោលពាក្យអាណិត ក្នុងថ្ងៃកំណើតភរិយាជាទីស្រឡាញ់
កាលពីពេលថ្មីៗនេះ តារាស្រី Jooy និង ស្វាមីបានបង្ហើបរឿងមួយធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនអ្នកគាំទ្រ។ ក្នុងនោះ អ្នកទាំងពីរ បានបង្ហើបប្រាប់អ្នកគ្រប់គ្នាថា ពួកគេ កំពុងតែមានកូនដំបូងហើយ បន្ទាប់ពីប្រើគ្រប់វិធីសាស្រ្តផ្សេងៗអស់រយៈពេល ៣ ឆ្នាំកន្លងមក។
យ៉ាងណាមិញ វត្តមានកូនដំបូងរបស់តារាស្រី Jooy និង បុរសសង្ហា DJ Push ប្រៀបបានដូចជាកាដូដ៏ធំសម្រាប់ថ្ងៃកំណើតរបស់នាង ចំថ្ងៃ ១១ ខែមិថុនា ឆ្នាំ ២០២២ អ៊ីចឹង ព្រោះវាជាកាដូ ឬ ដំណឹងដ៏សែនរំភើបបំផុតជាងឆ្នាំណាទាំងអស់។
ដោយឡែក បើងាកទៅមើល DJ Push ដែលជាស្វាមីវិញ ឃើញថាបន្ទាប់ពីសម្រេចបំណងប្រាថ្នាបានកូនដូចបំណងភ្លាម លោកហាក់រំភើប និង សប្បាយចិត្តស្ទើរតែស្រក់ទឹកភ្នែកតែម្តង។ ពិសេស ទន្ទឹមនឹងអារម្មណ៍រំភើបមួយនេះ DJ Push ក៏បានទម្លាយពាក្យជូនពរទាំងក្តីបារម្ភ ហាក់បង្កប់ន័យអាណិតដល់ភរិយាជាទីស្រឡាញ់ នៅក្នុងថ្ងៃកំណើតនាងថា៖ «ជូនពរឱ្យអូនបាត់ចាញ់កូនឆាប់ៗណ៎ា»។
ចំណែកមហាជនគ្រាន់តែបានឮដំណឹងថាអ្នកម៉ាក់សម័យថ្មី Jooy ចាញ់កូនខ្លាំង ម្នាក់ៗបង្ហាញក្តីបារម្ភ និង ផ្ដល់ជាកម្លាំងចិត្តដល់អ្នកតារាស្រីរូបនេះគ្រប់ៗគ្នា៕