ស្រណោះណាស់! Justin និង ប្រពន្ធ មានជំងឺកាចៗទាំងនេះបន្ដកន្ទុយគ្នា ធ្វើឱ្យអ្នកគាំទ្របារម្ភព្រាត
តាំងពីរៀបការបាន ៤ ឆ្នាំមក ទើបតែមួយរយៈក្រោយនេះ ដែលគូស្វាមីភរិយាតារាល្បី Justin និង Hailey បានធ្វើឱ្យមហាជនអ្នកគាំទ្រនាំគ្នាព្រួយបារម្ភខ្លាំងពិបាកទទួលយក ដោយសារតែទាំងពីរនាក់បានកើតជំងឺគួរឱ្យខ្លាចបន្តគ្នាមិនដាច់ឡើយ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ Hailey ដែលជាភរិយា ទើបតែបានទម្លាយឱ្យអ្នកគាំទ្រដឹងថា នាងមានដុំឈាមកកក្នុងខួរក្បាល ដែលធ្វើឱ្យនាងអាការៈរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាលតែម្តង។ លើសពីនេះ នាងក៏បានធ្វើការត្រួតពិនិត្យឱ្យល្អិតល្អន់ ក៏ឃើញថា នាងមានជំងឺបេះដូងប្រហោងទៀត ដែលអាចជាមូលហេតុធ្វើឱ្យឈាមហូរតាមប្រហោងនោះ រួចចូលទៅក្នុងខួរក្បាលរបស់នាង បណ្តាលឱ្យកើតទៅជាកំណកឈាមនេះឯង។
ចំណែក Justin វិញ ក៏កំពុងតែត្រូវវាយលុកដោយជំងឺកាចសាហាវមួយដែរ ធ្វើឱ្យលោកត្រូវរំសាយការធ្វើការប្រគំតន្ដ្រី ជុំវិញពិភពលោករបស់ខ្លួនភ្លាមៗតែម្តង។
ដោយកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ Justin បានទម្លាយនៅលើបណ្តាញសង្គមថា ខ្លួនកំពុងតែឆ្លងជំងឺម្យ៉ាងឈ្មោះថា Ramsey Hunt Syndrome បង្កឡើងពីវីរុសមួយប្រភេទ ដែលវាបានវាយប្រហារទៅលើសរសៃប្រសាទត្រចៀក ក៏ដូចជាផ្ទៃមុខរបស់លោក ធ្វើឱ្យលោកកើតជាការខ្វិនមុខខាងស្តាំមួយចំហៀង មិនអាចកម្រើកបានឡើយ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាបារម្ភចំពោះស្វាមីភរិយាទាំងគូនេះមិនតិចនោះទេ តែក្នុងនោះ Hailey ក៏បានខិតខំព្យាបាលខ្លួន ហើយក៏បានសះស្បើយជាបណ្តើរៗផងដែរ ចំណែក Justin វិញ ក៏កំពុងត្រូវគ្រូពេទ្យតាមដានតទៅទៀត ដើម្បីរកផ្លូវព្យាបាលឱ្យត្រឹមត្រូវដូចគ្នា៕