មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការដាក់បង្ហាញពានបាល់ទាត់ពិភពលោក «FIFA World Cup™ Trophy Tour» ដល់ពលរដ្ឋកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នៅរសៀលថ្ងៃពុធ ទី ១៥ ខែមិថុនា ឆ្នាំ ២០២២ អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរង់ចាំយ៉ាងអន្ទះសានូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនាពានបាល់ទាត់ពិភពលោកមួយនេះ។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក «FIFA World Cup™ Trophy Tour» នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពានដើរមកបង្ហាញជូនទស្សនាដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និង ផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។
ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការរៀបចំ ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភព FIFA World Cup™ ដោយផ្តល់ឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជុំវិញពិភពលោកនូវឱកាសដើម្បីមើលពានរង្វាន់បាល់ទាត់ដែលគ្រប់ប្រទេសប្រាថ្នាចង់បានបំផុតនៅលើពិភពលោក មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022™។
ព្រឹត្តិការណ៍ដ៏ពិសេសនេះបានចាប់ផ្តើមជាមួយនឹងការសម្តែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និង អ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។
ទោះបីអ្នកមានសំណាងចូលរួមត្រឹមតែ ២ ពាន់នាក់មានសិទ្ធិផ្តាច់មុខថតរូបជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀតក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគំតន្ត្រីដែលបានរៀបចំធ្វើឡើងបន្ទាប់ពីការបើកបង្ហាញពាន បានបើកស្វាគមន៍សាធារណជនទូទៅជាមួយនឹងការសម្ដែងពី DJ និង សិល្បករសិល្បការនីក្នុងស្រុកល្បីៗផងដែរដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។
វាជានិមិត្តសញ្ញាកីឡាដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក នឹងជានិមិត្តរូបមិនអាចកាត់ថ្លៃបាន ពានរង្វាន់បាល់ទាត់ពិភពលោកពិតប្រាកដ FIFA World Cup™ (រូបដើម) អាចនឹងត្រូវបានកាន់នឹងប៉ះផ្ទាល់ដោយក្រុមមនុស្សមួយចំនួនតូចដែលត្រូវបានសម្រិតសម្រាំងជម្រើសយ៉ាងខ្លាំង រួមមានអតីតអ្នកឈ្នះនៃការប្រកួតបាល់ទាល់ពិភពលោក FIFA World Cup™ និង ប្រមុខរដ្ឋតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ ចាប់ផ្តើមនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ហើយនេះ គឺលើកទី ៥ ហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា។
បេសកកម្មនៃព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗដែលដំណើរគោចរនេះបានទៅដល់។ នេះជាលើកដំបូងបង្អស់ ដែលអ្នកចូលរួមនឹងត្រូវបានដឹកនាំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ជាលក្ខណៈឌីជីថល កាត់បន្ថយសំរាមនៅគ្រប់កន្លែងសម្រាកសម្រាប់ដំណើរកម្សាន្តមួយនេះ សម្ភារទាំងអស់ គឺ ផលិតនៅក្នុងស្រុក នឹងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារ រួមទាំងធនធានផ្សេងៗទៀតផងដែរ៕