តារាស្រី ៤ នាក់ លឹបលៗ មិនហ៊ានបង្ហាញមុខគូស្នេហ៍ថ្មី ដោយសារតែជឿទំនាយគ្រូទាយ
បើក្រឡេកទៅមើលជីវិតស្នេហារបស់តារាស្រីមួយចំនួននៅក្នុងរង្វង់សិល្បៈថៃ ខណៈបែកពីស្នេហ៍ចាស់រួច ម្នាក់ៗក៏បន្តដំណើរទៅមុខរកស្នេហ៍ថ្មីទៀតភ្លាម ក្នុងនោះអ្នកខ្លះក៏សមបំណង ហើយក៏បានបង្ហាញមុខមាត់គូស្នេហ៍ទៅមហាជនជាសាធារណៈ ឯអ្នកខ្លះទៀត ក៏លឹបលៗមិនហ៊ានបញ្ចេញច្រើនឡើយ ព្រោះតែជឿទំនាយរបស់គ្រូទាយ។
១. Woonsen
បន្ទាប់ចែកផ្លូវពីស្វាមីជាតារាប្រុស Chakrit មក តារាស្រី Woonsen ក៏បានមកសាងស្នេហ៍ជាមួយសំណព្វចិត្តថ្មី ដែលកំលោះហាយសូរបានជាង ៣ ឆ្នាំមកហើយ។ ក្នុងនោះ មើលទៅ Woonsen មិនសូវបានបង្ហាញមុខគូស្នេហ៍ថ្មីនេះឡើយ ដោយបានប្រាប់ថា គេនៅអៀនៗ និង មិនទាន់បានត្រៀមខ្លួន តែនាងក៏លួចប្រាប់ដូច្នេះទៀតថា តាមពិតទៅកាលពី ១០ មុននេះ មានគ្រូទាយម្នាក់ទាយឱ្យថា បើមានគូស្នេហ៍ថ្មី កុំឱ្យនាងសូវបើកបង្ហាញពេក ព្រោះអនាគតអាចប្រែប្រួល ទើបនាងចេះតែស្ងាត់ៗរឿងស្នេហានេះមករហូត។
២. Pang Ornjira
មកទល់ពេលនេះ តារាស្រី Pang Ornjira បានរួមរស់ផ្ញើជីវិតជាមួយស្វាមីជាជនជាតិសាំងហ្គាពួរ ហើយក៏មានកូនស្រីម្នាក់ជាចំណងដៃផងដែរ។ យ៉ាងណាមិញ ពួកគេនៅមិនទាន់បានរៀបការធំដុំនោះទេ ដោយគ្រាន់តែបំពាក់ចិញ្ចៀនគ្នាសន្មតធម្មតាៗប៉ុណ្ណោះ ហើយគេក៏មិនបានឃើញនាងបើកបង្ហាញមុខស្វាមីរូបនេះជាសារធារណៈដូចគ្នា។ ដោយឡែកមូលហេតុវិញ នាងបានឱ្យដឹងថា នាងមិនសូវចង់បង្ហាញ ព្រោះស្វាមីជាអ្នកជំនួញ និង មិនមែនជាជនជាតិថៃ តែនាងក៏បង្ហើបទៀតថា តាមពិតទៅនាងក៏ជឿគ្រូទាយដូចគ្នា ព្រោះមានគេទាយឱ្យនាងថា ពេលមានគូស្នេហ៍មិនគួររៀបការធំដុំ ឬ បើកបង្ហាញមុខមាត់ពេកនោះទេ ព្រោះវាមិនល្អសម្រាប់នាងឡើយ ព្រោះកន្លងមក ស្នេហាដែលនាងបានបើកចំហ គឺវាពិតជាមិនសមបំណងពិតមែន។
៣. Teoy Jarinporn
បន្ទាប់ពីបែកពីតារាប្រុស Alex Theeradeth និង ទុកបេះដូងឱ្យទំនេរស្អាតជាង ២ ឆ្នាំរួចមក ថ្មីៗនេះតារាស្រី Teoy Jarinporn បានទម្លាយឱ្យដឹងថា ខ្លួនបាន និង កំពុងបើកចិត្តមើលអ្នកថ្មីហើយ។ គេជាអ្នកក្រៅសិល្បៈ ដែលមានអាយុច្រើនជាងនាង ហើយនាងក៏ធ្លាប់ស្គាល់នាងរួចមកហើយដែរ។ ក្នុងនោះបានឱ្យដឹងថា ខ្លួនមិនហ៊ានទម្លាយច្រើនជាងនេះទៀតទេ ព្រោះតែគ្រូទាយប្រាប់ថា ឱ្យនាងនៅឱ្យស្ងៀមស្ងាត់ៗសិន ក្នុងរឿងស្នេហានេះ ទើបជាការល្អ។
៤. Kwan Usamanee
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចឡើយ ដោយតារាស្រី Kwan Usamanee បានប្រកាសក្តែងៗថា ខ្លួនបានចែកផ្លូវជាមួយនឹងសង្សារជាមន្ត្រីទៅហើយ ហើយក៏កំពុងតែមានអ្នកស្អំបេះដូងថ្មីទៀតផង។ នាងបានឱ្យដឹងថា អ្នកថ្មីរូបនេះ គឺជាអ្នកក្រៅសិល្បៈ និង ជាអ្នកជំនួញម្នាក់ ហើយគេជាមនុស្សល្អណាស់ ចំណែកម្តាយនាងក៏ពេញចិត្តកំលោះរូបនេះដែរ។ Kwan បានឱ្យដឹងថា នាងសុំមិនឱ្យព័ត៌មានទៀតឡើយ ព្រោះមានគ្រូទាយប្រាប់ថា បើមានសង្សារថ្មីហើយ ហាមបើកមុខ ប្រយ័ត្នតែមិនបានសមបំណង៕