ទម្លាយចំណុចទាក់ទាញបំផុតមួយរបស់ Kevin Cheng ធ្វើឱ្យប្រពន្ធបាក់ចិត្តស្រឡាញ់ងើបមុខមិនរួច
បើនិយាយដល់គូស្នេហ៍តារាហុងកុង Kevin Cheng និង Grace Chan គឺតែងតែជាគូស្នេហ៍គំរូមួយគូ ដែលធ្វើឱ្យមហាជនស្ញប់ស្ញែង និង លួចច្រណែនចំពោះក្ដីសុខសុភមង្គលរបស់ពួកគេ។ ជាមួយនឹងទំនាក់ទំនងដ៏ស្អិតល្មួត មិនដែលលេចឭរឿងទាស់ទែងម្ដងណាសោះនោះ មហាជនជាច្រើន ហាក់មានចម្ងល់ដែរថា តើចំណុចអ្វីរបស់ Kevin ដែលធ្វើឱ្យប្រពន្ធរបស់លោក បាក់ចិត្តស្រឡាញ់លោកខ្លាំងក្លាបែបនេះ?
ជាការស្រាយចម្ងល់មហាជន កាលពីពេលកន្លងទៅ អំឡុងពេលបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Youtube របស់តារាសម្ដែង Sharon Chan ស្រីស្រស់ Grace Chan បានធ្វើការបើកបង្ហាញគ្មានសល់ ពីមូលហេតុដែលធ្វើឱ្យនាងលង់ស្រឡាញ់ប្ដីដកចិត្តមិនរួច បើទោះបីជាប្ដីរបស់នាងអាយុបងនាងច្រើនយ៉ាងណាក្ដី។
ក្នុងកម្មវិធីនោះ Grace Chan បាននិយាយទាំងមិនលាក់លៀមថា ៖«ខ្ញុំគោរពស្រឡាញ់ប្ដីខ្ញុំខ្លាំងពេក រហូតគ្រប់គ្នានិយាយថា ខ្ញុំងប់ស្រឡាញ់ប្ដីខ្ញុំងើបមុខមិនរួច។ ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងមែន ហើយពេលខ្លះ ខ្ញុំថែមទាំងបាននិយាយប្រាប់គាត់ថា គាត់ពិតជាសង្ហាខ្លាំងទៀតផង»។
តារាសម្ដែង Grace Chen គឺចូលចិត្តអួតសរសើរពីស្វាមីរបស់នាងខ្លាំងណាស់ ប៉ុន្តែងាកមក Kevin វិញ លោកគឺហាក់អៀនខ្លួន រាល់ពេលដែលប្រពន្ធសរសើរថា សង្ហា។ Grace បានបន្តទៀតថា ៖«គាត់តែងតែប្រាប់ខ្ញុំ ឱ្យឈប់ហៅគាត់ថា ជាប្រុសសង្ហាទៀត ព្រោះគាត់គិតថា រូបរាងកាយនេះ មិនថិតថេរបែបនេះរហូតឡើយ។ គាត់គិតថា ប្រសិនបើខ្ញុំស្រឡាញ់គាត់ ដោយសារតែរូបរាងសង្ហានេះ វាអាចជាបញ្ហាទៅពេលក្រោយ នៅពេលដែលគាត់ចាស់ទៅ មានរូបសម្រស់លែងស្អាត។ តែខ្ញុំបានប្រាប់គាត់វិញថា បើទោះបីជាខ្ញុំហៅគាត់ថា ជាប្រុសសង្ហាក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ខ្ញុំស្រឡាញ់គាត់ព្រោះតែសម្រស់នោះឡើយ។ យ៉ាងណា ភាពស្រស់សង្ហារបស់គាត់ ក៏ជាមូលហេតុមួយធ្វើឱ្យខ្ញុំលង់ស្រឹបបាក់ចិត្តទៅលើគាត់ផងដែរ»។
គួររំឭកផងដែរថា តារាសម្ដែង Kevin Cheng និង Grace Chan បានចាប់ដៃគ្នារៀបការសាងគ្រួសារកាលពីខែសីហា ឆ្នាំ ២០១៨ កន្លងទៅ ដោយបច្ចុប្បន្នពួកគេទាំង ២ ទទួលបានកូនប្រុសចំនួន ២ នាក់ជាចំណងដៃ៕