IU លេងធម៌ក្តៅ ពួយប្តឹងដាក់គុកបុគ្គលម្នាក់អស់ ៨ ខែ ក្រោយប្រមាថនាងធ្ងន់ៗ នៅតាមបណ្តាញសង្គម
ថ្មីៗនេះ មហាជនអ្នកគាំទ្រទាំងឡាយហាក់សប្បាយចិត្តមិនតិចឡើយ ក្រោយឃើញផលិតកម្មរបស់តារាចម្រៀងស្រី IU បានចេញមកប្រកាសពីដាក់ទោសតាមផ្លូវច្បាប់ទៅលើបុគ្គលម្នាក់ ក្រោយគេបានប្រព្រឹត្តអំពើប្រមាថមាក់ងាយទៅនាងនៅតាមបណ្តាញសង្គម។
តាមផលិតកម្ម Edam បានឱ្យដឹងថា តាំងពីឆ្នាំ ២០១៩ មក ខ្លួនបានប្រមូលភស្តុតាងជាច្រើន ពីបុគ្គលម្នាក់ដែលតែងតែបៀនបៀតព្យាបាទ IU ដោយការប្រើពាក្យសម្តីប្រមាថមាក់ងាយផ្សេងៗ ព្រមទាំងការបង្ខាច់បង្ខូចច្រើនទៀត តាមរយៈការផុសនៅលើបណ្តាញសង្គមរបស់គេ។
យ៉ាងណាមិញ ក្រោយពីប្រមូលរួច ខាង Edam ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ភ្នាក់ងារស៊ើបអង្កេតតាមខាងច្បាប់ ដើម្បីឱ្យគេជួយចាត់ការឱ្យស្រេចរួចរាល់ ហើយមកទល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ Edam ក៏បានចេញមុខប្រកាសពីការដាក់ទោសបុគ្គលរូបនោះហើយ។
ផលិតកម្ម Edam បានឱ្យដឹងថា ក្រោយពីការស៊ើបអង្កេត អំពើរបស់បុគ្គលម្នាក់នេះ ក៏ត្រូវបានគេទទួលស្គាល់ ហើយជាលទ្ធផលខាងតុលាការក៏បានសម្រេចឱ្យគេជាប់ពន្ធធនាគារចំនួន ៨ ខែ និង ផ្អាកសកម្មភាពចំនួន ២ ឆ្នាំ ឱ្យធ្វើការបម្រើខាងសហគមន៍ចំនួន ១៨០ ម៉ោង និង ចុងក្រោយ ត្រូវធ្វើការអបរំពីអំពើហិង្សាផ្លូវភេទចំនួន ៤០ ម៉ោងទៀតផង។
ក្នុងនោះ ទាំងអស់នេះ គឺក្រោមពីបទរំលោភលើច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និង ការការពារព័ត៌មាន (បទបរិហារកេរ្តិ៍) ព្រមទាំងការចោទប្រកាន់ផ្សេងទៀត។ យ៉ាងណាមិញ Edam Entertainment ក៏បានបញ្ជាក់ដែរថា គេនឹងប្រមូលភស្តុតាង ពីបុគ្គលផ្សេងៗទៀតដែលប្រព្រឹត្តបែបនេះ ហើយនឹងចាត់ចែងតាមផ្លូវច្បាប់ដូចគ្នា គេនឹងព្យាយាមការពារសិទ្ធិ និង ផលប្រយោជន៍របស់តារាក្នុងផលិតកម្មរបស់ខ្លួនឱ្យអស់ពីសមត្ថភាព៕