ទឹកចិត្តល្អណាស់! តៃវ៉ាន់ផ្តល់ជំនួយមនុស្សធម៌ ១ លានដុល្លារ ដល់អាហ្វហ្គានីស្ថានក្នុងវិបត្តិគ្រោះរញ្ជួយដី
កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ រដ្ឋាភិបាលរបស់តៃវ៉ាន់ បានឱ្យដឹងថា ៖ «តៃវ៉ាន់នឹងបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ជនដែលបានរងគ្រោះដោយគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ និង ប្រទេសដទៃទៀតសម្រាប់ជំនួយមនុស្សធម៌»។
ក្នុងនោះប្រធានាធិបតីតៃវ៉ាន់ ក៏បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ៖ «រដ្ឋាភិបាលតៃវ៉ាន់ នឹងបរិច្ចាគប្រាក់ដោយផ្អែកលើស្មារតីមនុស្សធម៌សម្រាប់ការជួយសង្គ្រោះគ្រោះ និង ឆ្លើយតបទៅអង្គការសហប្រជាជាតិ នូវការអំពាវនាវមនុស្សធម៌មួយនេះ»។
គួរឱ្យដឹងផងដែរថា គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមកើតឡើងកាលពីពេលព្រឹកថ្ងៃពុធ ទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងចម្ងាយ ១៦០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងកាប៊ុល នៅឯភ្នំដែលមានទីលំនៅតូចៗរបស់ប្រជាជនក្បែរព្រំដែនប៉ាគីស្ថាន បង្កឱ្យមនុស្សស្លាប់ របួស និង ពេលនេះកំពុងមានមនុស្សបាត់ខ្លួនជាច្រើន៕
ប្រភព៖ Reuter