អ្នកគាំទ្រតាមចំអន់! ស្វាមី Mew ទម្លាយរូបថតកូនស្រីប្រៀបនឹងកាលពីក្មេង មើលស្មានតែបងប្អូន
ចាប់តាំងតែទទួលបានកូនស្រីបណ្ដូលចិត្តម្នាក់មក គេសង្កេតឃើញថា គ្រួសារតារាសម្ដែងស្រី Mew Nittha និង លោក Saint កាន់តែមានពន្លឺសុភមង្គលទ្វេដង។ សម្រាប់អូន Marin ពេលនេះមានអាយុជិត ១ខួបហើយ ជារឿយៗ តារាស្រី Mew ជាម្ដាយតែងបានចេញមកបង្ហោះរូបភាពគួរឱ្យស្រឡាញ់ជាច្រើននៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរហូតមក។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់ស្វាមីតារាស្រីរូបនេះ បានបង្ហោះរូបថតប្រៀបធៀបភាពស្រដៀងគ្នា ១សន្លឹកជាមួយនឹងកូនស្រីតូច ដោយសរសេរថា៖ «បងប្រុស Marin និង Marin យ៉ាងម៉េចដែរដូចគ្នាទេ?»។
ស្រាប់តែភ្លាមនោះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតដែលជាអ្នកគាំទ្រ បានចូលមកបញ្ចេញមតិយ៉ាងច្រើនកុះករ ក្នុងនោះគ្រប់គ្នាបាននិយាយថា Marin កាន់តែធំឡើងកាន់តែដូចឪពុករបស់គេបេះបិទដូចជាពុម្ពតែមួយ បើមិនប្រាប់ស្មានតែបងប្អូនប្រុសស្រីនឹងគ្នាជាមិនខាន៕