ឧប្បត្តិហេតុមួយបានកើតឡើងនៅឯទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នៅពេលដែលតារាសម្តែងលោក Ben Affleck បានទៅលេងកន្លែងជួលឡានទំនើបៗមួយ (Supercar rental agency) ជាមួយនឹងមិត្តស្រី គឺតារាចម្រៀងស្រី នាង Jennifer Lopez និង កូនប្រុសចុងរបស់លោក ដែលមានឈ្មោះថា Samuel Affleck។
(Ben Affleck និង Jennifer Lopez)
បើនិយាយពីប្រភេទឡាន Lamborghini គឺជាឡានមួយដែលមនុស្សប្រាថ្នាចង់បានសឹងគ្រប់ៗគ្នា។ មិនខុសគ្នានោះដែរ ដោយក្ដីស្រឡាញ់ប្រភេទឡានទំនើបៗ កុមារា Samuel Affleck ដែលមានវ័យទើបតែ ១០ ឆ្នាំ តែប៉ុណ្ណោះបានឡើងសាកបើកក្នុងឡាន Lamborghini Urus ពណ៌លឿងមួយ នៅទីតាំងកើតហេតុខាងលើ។
នៅពេលដែល Samuel កំពុងតែសាករថយន្ត ភ្លាមៗនោះគេក៏ទៅប៉ះខាងមុខនៃរថយន្ត BMW ពណ៌ស ដែលចតនៅខាងក្រោយឡាន Lambor នោះ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះឡើយទេថា ហេតុអ្វីបានជារថយន្ត Lamborghini មួយគ្រឿងនេះ ស្រាប់តែបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។
ប៉ុន្តែយ៉ាងណាមិញ បើតាមសម្ដីរបស់អ្នកគ្រប់គ្រងកន្លែងនោះ បានលើកឡើងថា ទំនងជាពេលកំពុងសាកល្បងរថយន្ត កុមារា Samuel ប្រហែលជាចៃដន្យដាក់ហ្គែរថយក្រោយ ទើបធ្វើឱ្យប៉ះបែបនេះ។ គេក៏បានបញ្ជាក់ដែរថា ខាងហាងមិនទាមទារសំណងអ្វីទេ ព្រោះវាគ្រាប់តែជាឧប្បត្តិហេតុអចេតនាតែប៉ុណ្ណោះ ហើយឡានទាំងពីរក៏មិនមានការខូចខាតធ្ងន់ធ្ងរអ្វីឡើយ៕