អ៊ឹះ! បេក្ខភាព ៣ រូប ប្រកាសដកខ្លួនបន្តកន្ទុយគ្នាលែងប្រកួត Miss Grand
ពិតណាស់ ខណៈពេលនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia បាន និង កំពុងធ្វើការទទួលពាក្យជ្រើសរើសបេក្ខភាពប្រកួត ដើម្បីស្វែងរកម្ចាស់មកុដប្រចាំឆ្នាំ ២០២២ នេះ។ ជាមួយគ្នានេះ ខាងស្ថាប័នក៏បានប្រកាសយ៉ាងភ្ញាក់ផ្អើលផងដែរថា មានបេក្ខភាព Miss Grand ពីខ្មែរសុរិន្ទ នឹងមកចូលរួមប្រកួត ហើយស្របគ្នានោះទៀត ខាងស្ថាប័នក៏បានប្រកាសជាបន្តបន្ទាប់ពីវត្តមានតារាស្រីល្បីឈ្មោះ ២ រូបថែមទៀតគឺកញ្ញា អៀ ម៉េងលិ និង កញ្ញា ហាស់ឌី ជូលីន ហៅ អូនផ្កាយ ថានឹងមានវត្តមានចូលរួមប្រកួតដូចគ្នាដែរ។
ខណៈប្រកាសស្វាគមន៍ពីដំណើរមកកាន់កម្មវិធីប្រកួត Miss Grand Cambodia របស់បេក្ខភាពទាំងខាងលើនេះ គេក៏សង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំង មិនថាវត្តមាន Miss Grand ខ្មែរសុរិន្ទ និង វត្តមានរបស់តារាស្រីខ្មែរ ២ ដួងទៀតនោះទេ ដោយម្នាក់ៗសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជនជាមួយនឹងការឈានជើងចូលវិស័យបវរកញ្ញានេះ។
យ៉ាងណាមិញ ក្រោយពីបានប្រកាសថានឹងចូលប្រកួតមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះមានដំណឹងថា Miss Grand ខ្មែរសុរិន្ទ, តារាស្រី អៀ ម៉េងលិ និង អូនផ្កាយ បានធ្វើការប្រកាសដកខ្លួនចេញពីការប្រកួតវិញ ដោយមានការបញ្ជាក់ពីមូលហេតុស្រដៀងគ្នាឱ្យដឹងថា ព្រោះតែមានបញ្ហាផ្ទាល់ខ្លួន។
១. នាង Game Paorat Pinmaung ដែលតំណាងឱ្យខេត្តសុរិន្ទ
នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងតៅ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានចេញសេចក្ដីជូនដំណឹងជាថ្មីថា Miss Grand ខ្មែរសុរិន្ទ គឺនាង Game មិនអាចចូលរួមប្រកួតប្រជែងដណ្ដើមមកុដក្នុងកម្មវិធីប្រកួតសម្រស់ខាងលើបានទេ ដោយសារនាងមានកាតព្វកិច្ចផ្ទាល់ខ្លួន ដោយស្ថាប័ន Miss Grand Cambodia បានសរសេររៀបរាប់ថា ៖ «សេចក្ដីជូនដំណឹង Miss Grand ខ្មែរសុរិន្ទ មិនអាចចូលរួមប្រឡងបានទេ ដោយសារមានកាតព្វកិច្ចផ្ទាល់ខ្លួនជាប់រវល់»។
២. កញ្ញា អៀ ម៉េងលិ
«នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ អរគុណ»។
៣. អូនផ្កាយ
«នាងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រលង Miss Grand Cambodia ហើយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់ នាងខ្ញុំសុំអរគុណ»៕