ស្រួង ភាវី រំភើបចិត្តបានឈ្នះលេខ ១ ការប្រកួតប៊ីយ៉ាការ៉ុមពិភពលោក ថែមទាំងសម្រេចក្តីសុបិនមួយនេះទៀត
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់កីឡាការិនី ស្រួង ភាវី ហើយ ដែលមានទឹកដីកំណើតជាអ្នកខេត្តត្បូងឃ្មុំ បានទៅរស់នៅប្រទេសកូរ៉េ ជាមួយនឹងស្វាមីសញ្ជាតិកូរ៉េ មានសមត្ថភាពខ្ពស់ ផ្នែកកីឡាស្នូកឃ័រ ត្រូវបានតំណាងឱ្យប្រទេសកូរ៉េខាងត្បូង ក្នុងការប្រកួតពានរង្វាន់លំដាប់ពិភពលោក ដោយពាក់ស្លាកទង់ជាតិកម្ពុជា ហើយឡើងវគ្គផ្តាច់ព្រ័ត្រ និង ឈ្នះមេដាយមាសស្ទើរតែគ្រប់ការប្រកួត។
ថ្មីៗនេះ កីឡាការិនីជំនាញរូបនេះ បានប្រកួតកីឡាប៊ីយ៉ាការ៉ុម លំដាប់ពិភពលោកនៅក្នុងប្រទេសកូរ៉េ ឈ្នះបានលេខ ១ ក្រោយប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាង ៧ ថ្ងៃ ក្នុងការប្រកួតនេះ។
អ្វីដែលកាន់តែពិសេសទៀតនោះ ស្រួង ភាវី បានទម្លាយអារម្មណ៍ពិសេសរបស់ខ្លួនថា អស់រយៈពេលជាង ១០ ឆ្នាំ ដែលខ្លួនជាកូនស្រីកម្ពុជាម្នាក់នេះមានក្ដីសុបិនថា នៅថ្ងៃណាមួយខ្លួននឹងនាំអ្នកមានគុណទាំងពីរ ឱ្យបានមកមើលការប្រកួតរបស់ខ្លួនដែលជាការប្រកួតខ្នាតអន្តរជាតិដ៏ល្អឥតខ្ចោះ នៅទឹកដីប្រទេសកូរ៉េនេះ។
ស្រួង ភារី បានបន្តថា ៖ «ទីបំផុតកូនស្រីកម្ពុជាម្នាក់នេះ អាចធ្វើបានហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិនក្លាយជាការពិតនៅក្នុងពេលនេះឡើយ ហើយនឹងការយកឈ្នះគ្រប់ការប្រកួតដ៏តឹងតែង ហើយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ។ កូនសន្យាថា នឹងធ្វើជាកូនស្រីល្អសម្រាប់គ្រួសារនិងសង្គមជាតិ»៕