កោះរ៉ុងសន្លឹមជាដែនកោះ ដ៏ទាក់ទាញសម្រាប់អ្នកទេសចរបរទេស
កោះរ៉ុងសន្លឹមជាដែនកោះមួយ នៅមិនឆ្ងាយពីកោះរ៉ុងឡើយ កោះនេះស្ថិតនៅក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងព្រះសីហានុ ខេត្តព្រះសីហនុ ពេលនេះ កោះរ៉ុងសន្លឹម បានក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ។
កោះរ៉ុងសន្លឹម មានចម្ងាយពីដីគោក ឬ ពីក្រុងព្រះសីហនុប្រវែង ៣៨ គីឡូម៉ែត្រ កោះនេះមានប្រជាពលរដ្ឋរស់នៅចំនួន ៥ ភូមិ ពួកគាត់ ប្រកបមុខរបរជាអ្នកនេសាទ ។ កោះរ៉ុងសន្លឹម មានផ្ទៃដីទំហំ ៥ ០០០ ហិកតា និង មានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ ។
បច្ចុប្បន្ន ភូមិកោះរុងសន្លឹម មានភ្ញៀវទេសចរ បរទេសទៅកម្សាន្តជាមធ្យមពី៥០ ទៅ ១០០នាក់ក្នុងមួយថ្ងៃ ដែលនៅទីនោះមានកន្លែងស្នាក់នៅបែបបឹងកាឡូជាង ២០ កំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរ ។
កោះរ៉ុងសន្លឹម បានជួយអភិវឌ្ឍន៍ជីវភាព និង ការស់នៅ របស់ ប្រជាពលរដ្ឋក្នុង ភូមិកោះរុងសន្លឹម យ៉ាងច្រើន ការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងភូមិកោះរុងសន្លឹមបានប្រែក្លាយទីនោះពីភូមិ នេសាទ ទៅជាភូមិទេសចរណ៍ មួយយ៉ាងទាក់ទាញ ។
ភ្ញៀវទេសចរប្រមាណជា ៧០ ភាគរយ ដែលបានទៅកម្សាន្តនៅទីនោះ ពួកគាត់មានបំណងចង់យល់ដឹង និង ចង់ផ្លាស់ប្តូរ វប្បធម៌ ប្រពៃណី រស់នៅក្នុងសហគមន៍នេះដោយផ្ទាល់ ។
ការចូលរួមអភិរក្សផ្កាថ្ម ជីវះចម្រុះបាតកម្រ និង សន្តិសុខសម្រាប់ភ្ញៀវទេសចរ ជាចំណុចចម្បង ដើម្បីឱ្យភូមិកោះរ៉ុងនេះក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើងជាលំដាប់ ៕
ដោយ៖សុថាត់