កំពូលតារាប្រុសចិន Deng Lun ផុងខ្លួនក្នុងរឿងអាស្រូវ ខាតលុយអស់ជិត ១០០ លានដុល្លារ
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ បើតាមការចុះផ្សាយរបស់ Sina បានរាយការណ៍ឱ្យដឹងថា តារាសម្ដែងប្រុស Deng Lun បានមានវត្តមានចូលដោះស្រាយរឿងថ្លៃកិច្ចសន្យាអាជីវកម្មជាមួយនឹងដៃគូសហការរបស់លោកនាពេលកន្លងមក។ ខណៈបង្ហាញខ្លួនសាធារណៈនោះ ក៏ឃើញមានក្រុមអ្នកគាំទ្ររបស់តារាប្រុសរូបនេះ បានមកចោមរោមរង់ចាំទទួលស្វាគមន៍យ៉ាងកុះករនៅឯព្រលានយន្តហោះផងដែរ។
ទោះជាយ៉ាងណា ការបង្ហាញខ្លួនជាសាធារណៈបន្ទាប់ពីមានរឿងអាស្រូវគេចពន្ធរបស់ Deng Lun ក៏បានធ្វើឱ្យលោកពិបាកនឹងប្រឈមមុខរាក់ទាក់ជាមួយនឹងអ្នកគាំទ្រដែរ ដោយតារាប្រុសរូបនេះព្យាយាមដើរគេចពីកាមេរ៉ារហូត ដើម្បីបានដើរចូលទៅក្នុងឡាន។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានពន្ធក្រុងសៀងហៃបានប្រកាសថា តារាសម្ដែង Deng Lun បានគេចវេសបង់ពន្ធលើប្រាក់ចំណូល ហើយត្រូវបង់ប្រាក់ផាកពិន័យចំនួន ១៦.៦ លានដុល្លារ។
ដោយសារតែរឿងបំពានច្បាប់នេះ លោកត្រូវបានដកចេញពីការងារជាបន្តបន្ទាប់ សូម្បីតែកេរ្តិ៍ឈ្មោះល្បីល្បាញខំសាងមករាប់ឆ្នាំក៏ត្រូវរលាយអស់មួយប៉ប្រិចភ្នែក។ រីឯប្រភពចំណូលក្នុងសិល្បៈរបស់លោក ត្រូវបានខាតបង់ជាង ៤៧.២ លានដុល្លារ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ថែមទាំងត្រូវសងថ្លៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មទៅឱ្យប្រេនចំនួន ១៧ ដែលលោកបានកាន់កាប់ធ្វើជាតារាតំណាងផងដែរ៕