ប្រយ័ត្នផង! ឃើញលីងបែបនេះ សូមកុំចុចឱ្យសោះ បើមិនចង់ឱ្យជនខិលខូច លួចចូលគណនី
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យប្រុងប្រយ័ត្នជាមួយនឹងតំណភ្ជាប់ដែលលោកអ្នកទទួលបាន តាមបណ្ដាញទំនាក់ទំនងសង្គម ដោយសារតែមួយរយៈពេលចុងក្រោយនេះ ខាងនាយកដ្ឋាន បានសង្កេតឃើញមានការកើនឡើង ទាក់ទងនឹងការលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់តាមរយៈការផ្ញើសារ ដែលមានតំណភ្ជាប់តាមរយៈកម្មវិធី Messenger។
ជាមួយនឹងល្បិចកលបោកបញ្ឆោតនេះ ក្រុមជនខិលខូច បានធ្វើការផ្ញើរសារតាមរយៈកម្មវិធី Messenger របស់មិត្តភ័ក្កិជនរងគ្រោះ ដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ការប្រើប្រាស់គណនីរបស់មិត្តភក្កិដើម្បីធ្វើការផ្ញើសារ គឺដើម្បីជៀសវាងកុំឱ្យជនរងគ្រោះ មានការសង្ស័យក្នុងការចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ។
ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ “look i found an old photo of you”។ ដូច្នេះហើយ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយដែលទាមទារឱ្យជនរងគ្រោះវាយបញ្ចូលឈ្មោះសម្គាល់ និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាឱកាសដែលពួកគេលួចយកព័ត៌មានដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះ។
អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ខាងនាយកដ្ឋានណែនាំអ្នកប្រើប្រាស់ គួរតែជៀសវាងចុចនៅលើតំណភ្ជាប់ទាំងឡាយណាដែលលោកអ្នកទទួលបានតាមរយៈសារ ឬអ៊ីមែល។ ជាងនេះទៅទៀត សូមលោកអ្នកកុំវាយបញ្ចូលឈ្មោះសម្គាល់ ឬលេខសម្ងាត់ ទៅក្នុងគេហទំព័រណាដែលលោកអ្នកបានបើកតាមរយៈតំណភ្ជាប់ដែលទទួលបានពីបណ្ដាញទំនាក់ទំនងសង្គម៕