អ៊េមណាស់! ចាយលុយត្រឹម ២០០០ រៀល អាចជិះ Taxi Boat នៅភ្នំពេញបានហើយ!
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីសេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ដែលមានតំលៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក ដែលចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ហើយប្រើរយៈពេលត្រឹមតែ ១ ម៉ោងក្នុងចំងាយ ២០ គីឡូម៉ែត្រ។
តាមរយៈការធ្វើដំណើរតាមផ្លូវទឹកនេះ ខាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបញ្ជាក់ថា មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និង ថែរក្សាអនាម័យ ៣កុំ ៣ ការពារគ្រប់វិនាទី ចំពោះអតិថិជន។
ដោយឡែក ស្ថានីយចំណតទាំង ០៥ រួមមាន ៖
១. ស្ថានីយចំណតផែឫស្សីកែវ
២. ស្ថានីយចំណតផែផ្សារចាស់
៣. ស្ថានីយចំណតផែចតុមុខ
៤. ស្ថានីយចំណតផែច្បារអំពៅ
៥. ស្ថានីយចំណតផែតាខ្មៅ
អ្វីដែលកាន់តែពិសេសទៀតនោះ ខាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក៏បានលើកលែងការបង់ប្រាក់ ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនី៕