មិនយូរប៉ុន្មានក្រោយលេចលឮព័ត៌មានថា កូនបង្កើតរបស់ Elon Musk ដែលមានឈ្មោះថា Alexander Musk បានប្រកាសកាត់កាលឪពុកខ្លួនឯងរួចមក ថ្មីៗនេះមហាសេដ្ឋីរូបនេះបានធ្លាយព័ត៌មានមួយទៀតពីការទើបតែទទួលបានកូនភ្លោះជាមួយនឹងបុគ្គលិករបស់ខ្លួន។
យោងតាមឯកសាររបស់តុលាការនៅឯសហរដ្ឋអាមេរិក ដែលចេញដោយប្រភព Business Insider Collected កូនភ្លោះទាំងពីររបស់ Elon Musk បានកើតកាលពីខែធ្នូ ឆ្នាំ ២០២១ តាមរយៈការពពោះជំនួស និង ម្ដាយរបស់ពួកគេមានឈ្មោះថា Shivon Zilis។
យោងតាមឯកសារមួយនោះ បានបង្ហាញថា Elon Musk និង Zilis បានដាក់សំណើស្នើសុំផ្លាស់ប្តូរឈ្មោះកូនទាំងពីរទៅតាមនាមត្រកូលរបស់ឪពុក និង ឈ្មោះកណ្ដាល (ឬ Middle Name) តាមម្តាយរបស់ពួកគេ។ ពាក្យស្នើសុំមួយនោះ ត្រូវបានដាក់ស្នើកាលពីខែមេសាកន្លងទៅ នៅឯតុលាការក្នុងទីក្រុង Austin រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលជាកន្លែងដែលទារកទាំងពីរនោះបានកើត។
គួរឱ្យដឹងផងដែរថា Zilis សព្វថ្ងៃ នាងមានអាយុ ៣៦ ឆ្នាំជាជនជាតិកាណាដា។ សម្រាប់ប្រវត្តិសិក្សា នាងបានសិក្សាផ្នែកសេដ្ឋកិច្ច និង ទស្សនវិជ្ជានៅសកលវិទ្យាល័យ Yale។
នាង Zilis បានជួប Elon Musk ក្នុងឆ្នាំ ២០១៥ តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា OpenAI ហើយបច្ចុប្បន្ននេះ នាងបម្រើការងារជានាយកប្រតិបត្តិនៅក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបានបង្កើតឡើងដោយ Elon Musk។
យ៉ាងណាមិញ ឈ្មោះរបស់កូនភ្លោះទាំងពីររបស់ Elon Musk នោះ មិនត្រូវបានបញ្ចេញឡើយ ព្រោះដើម្បីការពារឯកជនភាពរបស់ពួកគេ៕