ក្សត់អ្នកចូលរួមពេក ផាន់ ផាត់ណា ទទូចអញ្ជើញមិត្តភក្តិ អ្នករាប់អានគ្នា ចូលរួមជូនដំណើរម្តាយលើកចុងក្រោយផង
នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញនេះ តារាសម្ដែងស្រី ផាន់ ផាត់ណា បានជួបទុក្ខដ៏សែនក្រៀមក្រំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត គឺម្ដាយបង្កើតរបស់អ្នកនាងបានទទួលមរណភាព។
ដំណឹងមរណភាពនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និង បង្ហាញការសោកស្ដាយពន់ពេក ព្រមទាំងបានធ្វើការចូលរួមរំលែកទុក្ខដល់តារាស្រីរូបនេះ និង គ្រួសារផងដែរ។
យ៉ាងណាមិញ តាមការបង្ហោះជូនដំណឹងពីតារាសម្ដែង ឆឹម សក្កដា ជាបន្តបន្ទាប់ពីទិដ្ឋភាពនៃពិធីបុណ្យសពម្ដាយរបស់ តារាស្រី ផាន់ ផាត់ណា បានឱ្យដឹងថា សពបានតម្ដល់ និង ធ្វើបុណ្យនៅក្នុងផ្ទះរបស់នាងផ្ទាល់ នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ដោយឡែក អ្វីដែលកាន់តែអាសូរដល់តារាស្រីរូបនេះ ខណៈឃើញថាទិដ្ឋភាពបុណ្យសពហាក់ស្ងាត់ជ្រងំ ពុំឃើញមានបងប្អូនសាច់ញាតិចូលរួមច្រើនឡើយ ដូចនេះហើយលោក ឆឹម សក្កដា ក៏បានជួយជូនដំណឹង និង សូមឱ្យមិត្តអ្នកសិល្បៈទៅជួយចូលរួមរំលែកទុក្ខ និង លើកទឹកចិត្តដល់នាងផងដែរ។
ជាមួយគ្នានោះ ក្រឡេកទៅលើបណ្ដាញសង្គមរបស់ តារាស្រី ផាន់ ផាត់ណា ក៏បានបង្ហោះសារជម្រាបជូនដំណឹង និង អញ្ជើញដល់បងប្អូន មិត្តភក្តិ ធ្វើការចូលរួមក្នុងពិធីបុណ្យសពម្ដាយរបស់នាង និង ជួយដង្ហែសពទៅបូជានៅឯវត្តគោកអំបិល ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ នេះផងដែរ៕