លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងមានឈាម ក្រោយលោកដួលសន្លប់បន្ទាប់ពីរងការបាញ់ប្រហារ ពេលកំពុងថ្លែងសុន្ទរកថា នៅភាគខាងលិចនៃទីក្រុង Nara។
ក្រោយពេលកើតហេតុ បុរសអាយុ ៤១ ឆ្នាំម្នាក់ ជាជនសង្ស័យត្រូវបានចាប់ខ្លួន ពាក់ពន្ធ័ទៅនឹងករណីបាញ់ប្រហារយ៉ាងរន្ធត់នេះ ព្រមទាំងបានដកហូតយកកាំភ្លើងមួយដើមពីគេទៀតផង។
ទន្ទឹមនោះ បើតាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ Tetsuya Yamagami មានអាយុ ៤១ ឆ្នាំ មានប្រវត្តិធ្លាប់ជាអតីតសមាជិកកងទ័ពជើងទឹកជប៉ុន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំឃាំង។
បន្ថែមលើសពីនេះ បើតាមប្រភព NHK បានបញ្ជាក់ថា ជនសង្ស័យបានប្រាប់ទៅកាន់សមត្ថកិច្ចថា រូបគេមិនពេញចិត្តជាមួយនឹងលោក Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុននោះទេ ទើបមានបំណងសម្លាប់លោកតែម្ដង។
គួរឱ្យដឹងផងដែរថា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shinzo Abe មានវ័យ ៦៧ ឆ្នាំ បានបំពេញការងារជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចំនួន ២ អាណត្តិ ជាប់ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុត នៅប្រទេសជប៉ុន មុនពេលលោកស្នើសុំបញ្ចប់តួនាទី កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែបញ្ហាសុខភាពមិនអំណោយផល៕