ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើរឿងនេះភ្លាម ក្រោយទទួលដំណឹងមរណភាពលោក Shinzo Abe
ជាការពិតណាស់ ដំណឹងមរណភាពភ្លាមៗរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្រោយត្រូវខ្មាន់កាំភ្លើងធ្វើឃាតអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុង Nara កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានធ្វើឱ្យប្រជាជនជប៉ុន មហាជនស្ទើរពាសពេញពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំជាមិត្តនឹងគ្នាតាមបណ្ដាប្រទេសនានា សម្ដែងការតក់ស្លុត និង សោកស្ដាយជាពន់ពេក។
ជាក់ស្ដែង ក្រោយពីទទួលដំណឹងដ៏សោកសៅមួយនេះភ្លាម ឃើញថាប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំតាមបណ្ដាប្រទេសជាច្រើន បានផ្ញើសារចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុន ក៏ដូចជាក្រុមគ្រួសាររបស់លោក Shinzo Abe ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏ល្អ ក៏ដូចជាសមាជិកគ្រួសារដ៏គំរូរូបនេះ។
ក្នុងនោះដែរ បើក្រឡេកទៅមើលមេដឹកនាំសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃឌិន វិញ ក្រោយទទួលដំណឹងនៃមរណភាពរបស់លោក Shinzo Abe ភ្លាម លោកក៏បានធ្វើដំណើរទៅកាន់លំនៅឋានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក ដែលស្ថិតក្នុងក្រុង Washington ដើម្បីធ្វើការចុះហត្ថលេខាចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុន និង ក្រុមគ្រួសាររបស់លោក Abe។
គួររំឭកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងធ្វើឃាត អំឡុងពេលថ្លែងសុន្ទរកថា លើដងផ្លូវនៃទីក្រុង Nara។ លោក ត្រូវបានក្រុមវេជ្ជបណ្ឌិតប្រកាសថា ទទួលមរណភាពនៅវេលាម៉ោង ១៧ និង ០៣ នាទី ក្នុងថ្ងៃដដែល ដោយសារតែរបួសធ្ងន់ធ្ងរ ត្រូវគ្រាប់កាំភ្លើងបាញ់ទម្លុះជ្រៅទៅក្នុងបេះដូង៕
ប្រភព៖ VOA