កម្ពុជា គិតចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ មក បានរកឃើញករណីឆ្លងកូវីដ-១៩ ជារៀងរាល់ថ្ងៃ ដែលថ្មីៗនេះក្រសួងសុខាភិបាលបានបញ្ជាក់ពីការរកឃើញវត្តមានអូមីក្រុងបំប្លែងថ្មី BA4 និង BA5 ជាប្រភេទមានលទ្ធភាពឆ្លងលឿន អាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឱ្យបានដឹងថា ការឆ្លងអូមីក្រុងប្រភេទថ្មីនេះ អាចធ្វើឱ្យអ្នកជំងឺឈានទៅភាពធ្ងន់ធ្ងរ ប្រសិនបើមិនការពារខ្លួនបានត្រឹមត្រូវ មិនអនុវត្តតាមនិតិវិធីព្យាបាល និង គ្មានវ៉ាក់សាំងការពារខ្លួន ជាហេតុទាមទារឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញក្នុងគម្លាត រយៈពេល ៣ ខែ។
បន្ថែមលើសពីនេះ ចំពោះរោគសញ្ញាអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA4 និង BA5 ខាងលើ គឺមិនខុសគ្នាពីប្រភេទកូវីដមុនៗទេ ដែលមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់-ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា៕
ប្រភព ៖ BTV Cambodia